2023-12-20 03:12
88

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយដោយរថយន្ត ហាយឡែនឌ័របុកម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលអោយស្លាប់ម្នាក់ របួសធ្ងន់ ម្នាក់ ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៣លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១១៩.១២០ស្ថិតក្នុងភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា អ្នកស្លាប់មានឈ្មោះ ពិន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកន្ទួតប្រោង ឃុំ គោកព្រីង ស្រុកស្វាយជ្រំខេត្តស្វាយរៀង។

អ្នករងរបួសធ្ងន់មានឈ្មោះ ពិន ដានូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកន្ទួតប្រោង ឃុំ គោកព្រីង ស្រុកស្វាយជ្រំ បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខស្វាយរៀង១U.៩២៦៥ ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សាត អូន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងអុីនធឺណិត មានទីលំនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខស្វាយរៀង ១U.៩២៦៥ លើផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ ២M.៧៣៥០ក្នុងទិសដៅបញ្ច្រាសគ្នាបានមកបុកម៉ូតូយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលអោយស្លាប់ម្នាក់របួសធ្ងន់ ម្នាក់ ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

ក្រោយមកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ សមត្ថកិច្ចកំពុងស៊ើបអង្កេត ខណៈមធ្យោបាយ  ធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចអូស យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីចាត់ការបន្តតាមច្បាប់៕