2023-10-21 02:10
348

(កំពង់ស្ពឺ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានចុះពិនិត្យស្ថានភាពទឹកតាមស្ទឹងព្រែកត្នោតនៅតាមអាងទឹកធំៗមួយចំនួន ដូចជា ស្ថានីយពាមឃ្លៃ ស្ថិតក្នុងឃុំទំព័រមាស សំណង់ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ទ្វារទឹកទំនប់តាសាលស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទំនប់៧មករា ក្នុងខេត្តកណ្តាល។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកតោ្នតនៅផ្នែកខាងលើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ទឹកកំពុងស្រកចុះបណ្តើរៗ គិតត្រឹមម៉ោង១១៖០០ថ្ងៃនេះ ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់៥,៣៥ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន៧,៥០ម៉ែត្រ ចំណែកសំណង់ទ្វារទឹករលាំងជ្រៃ ទឹកមានកម្ពស់៧,៦៨ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន៧,៥០ម៉ែត្រ ខណៈទ្វារទឹកចំនួន៥ទ្វារបានបើកកម្ពស់១ម៉ែត្រ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ទ្វារទឹកទំនប់តាសាលទាំងអស់បានបិទទាំងស្រុង ទឹកមានកម្ពស់១៩,១៥ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន១៩,៥០ម៉ែត្រ។

លោករដ្ឋមន្ត្រីបានបន្តថា តាមការព្យាករកម្ពស់ទឹកផ្នែកខាងលើចាប់ផ្តើមស្រកជាបន្តបន្ទាប់ ដែលសន្ទុះសម្រកនេះប្រើរយៈពេលពី១២ទៅ៣៦ម៉ោង ទើបផ្នែកខាងក្រោមចាប់ផ្តើមស្រក។ តាមស្ថានភាពនេះយ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោតនឹងវិលមករកសភាពធម្មតាវិញហើយ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានបន្តផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ ជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមត្រូវរួមសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន បន្តការតាមដានដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕