2023-07-07 09:07
286

កំពង់ស្ពឺ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នេះ គណៈកម្មការបើក និងវេចខ្ចប់គ្រឿងញៀន ប្រចាំសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មុននឹងដឹកជញ្ជូនទៅខេត្តព្រះសីហបុ ដើម្បីធ្វើការដុតបំផ្លាញចោល។ 

គណៈកម្មការបើក និងវេចខ្ចប់គ្រឿងញៀន ប្រចាំសាលាដំបូងខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជាប្រធានគណៈកម្មការ និងលោក ឡុង កេសភីរម្យ ប្រធានសាលាដំបូង ជាសហប្រធានគណៈកម្មការ និងលោក សរ សុពុត្រា អភិបាលរងអភិបាលខេត្តកំពង់ស្ពឺ ជាអនុប្រធានគណៈកម្មការ បានដឹកនាំគណៈកម្មការបើក និងវេចខ្ចប់គ្រឿងញៀន និងដោយមានការចូលរួមរបស់សមាជិកនៃគណៈកម្មការបើក និងវេចខ្ចប់គ្រឿងញៀន ដែលបានបើកកញ្ចប់ ពិនិត្យរួចថ្លឹង និងវេចខ្ចប់គ្រឿងញៀនទៅតាមដំណាក់កាលនីមួយៗ។ 

កាលពីថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ដែលសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ធ្វើការរឹបអូស និងចាត់ការទៅតាមដំណាក់កាលដូចខាងក្រោម៖ 

១- ដំណាក់កាលស៊ើបសួរ ក្រោយដកធ្វើសំណាករួចមានចំនួន ៥៥ សំណុំរឿង ក្នុងនោះ គ្រឿងញៀនថ្លឹងទាំងសំបកកញ្ចប់ មានទម្ងន់សរុប ៦៥,៧៨១.០៣ ក្រាម។ 

២- ដំណាក់កាលជំនុំជម្រះ មានចំនួន ១៦១ សំណុំរឿង ក្នុងនោះគ្រឿងញៀនថ្លឹងទាំងសំបកកញ្ចប់មានទម្ងន់សរុប ២៦,៦០៦.៤៥ ក្រាម។ 

ចំពោះសរុបវត្ថុតាងទាំងពីរដំណាក់កាលមានចំនួន ២១៦ សំណុំរឿង  ដោយក្នុងនោះ គ្រឿងញៀនថ្លឹងទាំងសំបកកញ្ចប់ មានទម្ងន់សរុប ៩២,៣៨៧.៤៨ ក្រាម។ 

ក្រោយពីធ្វើការត្រួតពិនិត្យគណៈកម្មការបានធ្វើការដឹកជញ្ជូនទៅខេត្តព្រះសីហនុ  ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មុនធ្វើការដុតបំផ្លាញចោល ក្នុងនោះរួមមានវត្ថុតាងរបស់សាលាដំបូងខេត្តព្រះសីហនុ ,សាលាដំបូងខេត្តកំពង់ស្ពឺ និងសាលាដំបូងខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ , ឯកឧត្តម មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តម ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរងនៃអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈអភិបាលខេត្ត លោកស្នងការ លោកមេបញ្ជាការអាវុធហត្ថទាំង ០៣ខេត្តផងដែរ៕