2024-01-12 03:01
101

ពិធីប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរបស់ស្រុកខាងលើប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ជា ថារិទ្ធ អភិបាលរងខេត្តរតនគិរី និងជាប្រធានPWGខេត្តនិងលោក វេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពនៃក្រសួងអភិវឌ្ឍន៍ជនបទ។

លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឯកឧត្តមអភិបាលខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រ និងសហការល្អ ក្នុងការអនុវត្តយ៉ាងសកម្មចុះជួយជម្រុញ និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋក្នុងខេត្តបានផ្លាស់ប្តូរទម្លាប់ប្រតិបត្តិអនាម័យ រហូតស្រុកអណ្តូងមាសជាស្រុកទី៥ បានល្អប្រសើរ របស់ខេត្តរតនគិរីដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ។ 

នៅក្នុងឱកាសនេះផងដែរលោក វេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពនៃក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការអបអរសាទរចំពោះស្រុកអណ្តូងមាសនៃខេត្តរតនគិរី ទទួលបានការបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាល។ លោកក៏បានសំណូមពរដល់អាជ្ញាធរក្រុងស្រុកទាំងអស់ក្នុងខេត្តបន្ដខិតខំប្រឹងប្រែងដើម្បីអោយខេត្តរតនគិរីទាំងមូលសម្រេចបាន ការបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាល។ ជាពិសេសក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ថ្នាក់ខេត្តទាំងអស់ត្រូវបន្ដយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីរិះរកវិធានការ និងធនធានក្នុងការលើកកម្ពស់អនាម័យជនបទឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតមានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូល ឯកឧត្តម ជា ថាវរិទ្ធអភិបាលរងខេត្ត បានសម្តែងនូវការចូលរួមអបរសារទេរ និងកោតសរសើរ ប្រកបដោយមោទនភាពបំផុត ដល់ អាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងស្រុកអណ្តូងមាស  ដែលត្រូវបានគណៈកម្មការថ្នាក់ខេត្តធ្វើការវាយតម្លៃ ពិនិត្យផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់បញ្ជាក់ថាស្រុកអណ្តូងមាសត្រូវបានប្រកាសបញ្ចប់ការបន្ទោបង់ពាសវាល។

ឯកឧត្តមអភិបាលរងខេត្តបន្តថា កត្តាជោគជ័យ និង លទ្ធផលសម្រេចបានដ៏ត្រចះត្រចង់នេះ សបញ្ជាក់ឲ្យឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិ បាននិងកំពុងខិតខំអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណនាអាណត្តិទី៥ និងទី៦ កន្លងមក និងបន្តការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ និងផែនការ សកម្មភាពខេត្តស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៥ ដែលបានដាក់ចេញ សំដៅបន្តលើកកម្ពស់ពង្រឹងសុខុមាលភាព អនាម័យបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣កន្លងមកនេះ វិស័យផ្គត់ផ្គង់ទឹកស្អាត សម្រេចបានអត្រាគ្របដណ្តប់ពី ៦២% ក្នុងឆ្នាំ២០១៨ គឺបានកើនឡើងដល់ ៧៤,១០% នៅឆ្នាំ២០២៣។ ចំណែកការលើកកំពស់អនាម័យវិញ សម្រេចបានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យនៅក្នុងទូទាំងខេត្តសម្រេចបាន ៧០,៩១% នៅឆ្នាំ២០២៣កន្លងមក៕