2023-10-05 05:10
228

(កំពត) ៖ នាថ្ងៃទី ៥ ខែតុលាឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ីវ ផេង លោកអភិបាលរងខេត្តកំំពត បានអំពាវនាវទៅដល់អាណាព្យាបាលគ្រប់រូប ត្រូវនាំកូនខ្លួន ទៅទទួលវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន និងវ៉ាក់សាំងការពារជំងឺផ្សេងៗទៀតឲ្យបានគ្រប់មុខ ដែលក្រសួងសុខាភិបាលផ្តល់ជូនសំដៅលើកកម្ពស់សុខភាពទារក និងកុមារ ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺផ្សេងៗ ដែលអាចបង្ការបាន នៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តម ស៊ីវ ផេង អភិបាលរងខេត្តកំពត បានអំពាវនាវបែបនេះខណៈ លោកបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសបញ្ជូលឆ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីអាយុ៩ឆ្នាំ ដែលបានរៀបចំប្រព្រឹត្តធ្វើឡើង នៅសាលាបឋមសិក្សាកំពតក្រុង ស្ថិតនៅក្នុង សង្កាត់កំពង់កណ្តាល ក្រុងកំពតខេត្តកំពត។

បើយើងតាមការលើកឡើងរបស់លោក វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពតបានបញ្ជាក់ឲ្យដឹងថាមកដល់ថ្ងៃនេះកម្មវិធីជាតិបានផ្ដល់ថ្នាំបង្ការមានវ៉ាក់សាំងដែលអាចការពារជំងឺទារកនិងកុមារបានចំនួន ១២ មុខរួមមានការពារជំងឺបេងគ្រុនស្វិតដៃជើងនិងក្អកមាន់ខាន់ស្លាក់តេតាណូលរលាកថ្លើមជាប្រភេទបេគឺជាជំងឺរលាក់សួតនិងរលាក់ស្រោមខួរក្បាល(នេះដោយសារបាក់តេរីHib)ជំងឺកញ្ជ្រីល និងជំងឺស្អូចនិងជំងឺរលាកសួតរលាក់ស្រោមខួរក្បាល៩ដោយសារបាក់តេរី Streptococcus)និងជំងឺរលាក់ខួរក្បាលជេអ៊ីនិងជំងឺមហារីកមាត់ស្បូន ជាជំងឺដែលទើបបញ្ចូលនៅថ្ងៃនេះ។

ទន្ទឹមនិងគ្នានេះដែរឯកឧត្តម ស៊ីវ ផេង អភិបាលរងខេត្តកំពតតំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានឡើងថា រាជរដ្ឋាភិបាលបានចាត់ទុកកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ជាការវិនិយោគលើវិស័យសុខភាពសាធារណៈ របស់កុមារដ៏មានប្រសិទ្ធភាពមួយ ព្រមទាំងបានចូលរួមចំណែកដ៏សំខាន់ ក្នុងការកាត់បន្ថយអត្រាឈឺ ពិការភាព និងស្លាប់របស់កុមារនៅទូទាំងប្រទេស។

ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលបានផ្តល់ថវិកាជាតិសម្រាប់ទិញវ៉ាក់សាំងជាប្រចាំ និងបដិភាគជាមួយ អង្គការ Gavi ក្នុងការបញ្ជាទិញវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់ ហើយរហូតមកដល់ថ្ងៃនេះ យើងមានវ៉ាក់សាំងរហូតដល់១២មុខ សម្រាប់ផ្តល់ជូនទារក និងកុមារ។

ចំពោះអាណាព្យាបាលដែលបាននាំកូនមកទទួលការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពួកគាត់ទាំងអស់គ្នា បានសម្តែងសេចក្តីសប្បាយចិត្ត ដែលរាជរដ្ឋាភិបាល បានផ្តល់វ៉ាក់សាំងនេះដោយឥតគិតថ្លៃ។

លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពតបានអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានកូនតូចៗ ត្រូវនាំកូនរបស់ខ្លួនមកទទួលការចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខភាពកូនរបស់ខ្លួនតទៅថ្ងៃអនាគត។

នៅជាមួយគ្នាចុងក្រោយនេះដែរ លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត ក៏សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាលកុមារទាំងអស់ សូមនាំកូនមកទទួលវ៉ាក់សាំង របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការឱ្យបានគ្រប់គ្នា នៅតាមសាលារៀន មណ្ឌលសុខភាព ឬតាមរយៈបុគ្គលិកផ្តល់ថ្នាំបង្ការនៅតាមភូមិ ទៅតាមផែនការ និងការណាត់របស់បុគ្គលិកសុខាភិបាលកុំបីខានឡើយ។(សឹង រ៉ាត់)