2024-02-16 04:02
78

ខេត្តកំពត: ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ២០២៤ ឯកឧត្តមម៉ៅ ធនិន បានដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតាមបណ្តាក្រុង ស្រុក ឃុំសង្កាត់នីមួយៗ ត្រូវក្តាប់និងគ្រប់គ្រងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យបានច្បាស់លាស់ដើម្បីបង្ក្រាប ហើយប្រសិនបើក្នុងករណីមិនគោរពបទបញ្ជានេះ និងត្រូវប្រឈមចំពោះមុខច្បាប់ ។ 

ឯកឧត្តម  ម៉ៅ ធនិន បានគូសបញ្ជាក់ថាដោយទទួលបានបទបញ្ជាពីសម្តេចមហាបវរ             ធិបតី  ហ៊ុន  ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរិតបន្តឹងការគ្រប់គ្រងទីតាំងបើកល្បែងឲ្យបានត្រឹមត្រូវច្បាស់លាស់នោះ លោកបានបញ្ជាត្រង់ៗទៅកាន់អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៅតាមបណ្តាក្រុងស្រុក និងឃុំសង្កាត់ ត្រូវយកបទបញ្ជានេះ ទៅអនុវត្តឲ្យមានប្រសិទ្ធភាព ហើយក្នុងករណីល្មើសបទបញ្ជា និងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ ម្យ៉ាងវិញទៀតក្នុងករណីបើមានជនណាកាងឬនៅពីក្រោយការបើកទីតាំងល្បែងស៊ីសងនោះ ត្រូវរាយការណ៍មកលោកដោយផ្ទាល់តែម្តង ។  

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំឲ្យពិនិត្យឡើងវិញ ទៅលើការដឹកទំនិញលើសទម្ងន់កំណត់  ក៏ដូចជាបទល្មើសស្តីពីច្បាប់ការពារធនធានធម្មជាតិ   ជាដើម ជាមួយគ្នានេះឯគឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តដល់អាជ្ញាធរ សមត្ថកិច្ច បន្តគ្រប់គ្រងលើភូមិសាស្ត្រចំនួន៣  ទី១.សន្តិសុខសណ្តាប់ធ្នាប់ ទី២.ភូមិសាស្ត្ររដ្ឋ      បាលនិងទី៣ ភូមិសាស្ត្រនយោបាយឲ្យបានកាត់តែល្អប្រសើរថែមទៀតផងដែរ៕