2024-04-25 07:04
23

កែប៖ អនុប្រធាន មន្ទីរអប់រំ យុវជន និងកីឡារ ខេត្តកែប លោក គីវ សាឌុំ បានបើករថយន្តក្នុងល្បឿនលឿន ក៏ផ្ទុះកង់មុខរេចង្កូតធ្លាក់ផ្លូវបុករះផ្ទះប្រជាពលរដ្ឋមួយខ្នងបណ្តាលឲ្យដូលរលំដល់ដី បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ រងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល និងបានចាត់ក្រុមការងារឲ្យមកជួយអន្តរគមន៍។ ហេតុការណ៍គ្រោះចរាចរណ៍បង្កឡើងដោយរថយន្ត របស់លោកអនុប្រធានមន្ទីរខាងលើ បានកើតឡើង នៅវេលាម៉ោង ១៥និង៣០នាទី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៣៣ (កំពត-កែប) ចន្លោះបង្គោលគីឡូម៉ែត្រលេខ (១៤-១៥) ក្នុងភូមិអូក្រសារ សង្កាត់អូក្រសារ ក្រុង-ខេត្តកែប។ 

    តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មានរថយន្ត ០១គ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-2046 បើកបរដោយលោក គីវ សាឌុំ ជាអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារខេត្តកែប ធ្វើដំណើរតាមផ្លូវជាតិលេខ៣៣ ក្នុងល្បឿនលឿន ក្នុងទិសដៅពីកើតឆ្ពោះទៅលិច លុះបើកមកដល់ចំណុចកើតហេតុរថយន្តបានផ្ទុះកង់មុខខាងឆ្វេងហើយរេចង្គូតធ្លាក់ផ្លូវជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយខ្នងបណ្តាលឲ្យដួលរលំខួចខាតទាំងស្រុង និងស្ត្រីចំណាស់ម្នាក់រងរបួសបាក់ដៃ រថយន្តរងការខូចខាតស្រាល។ តាមប្រភពបានឲ្យដឹងទៀតថា ស្ត្រីចំណាស់ជាម្ចាស់ផ្ទះដែលរងរបួសមានឈ្មោះ ឯម ផាន អាយុ ៧៨ឆ្នាំ រងរបួសបាក់ដៃស្ដាំម្ខាង រស់នៅភូមិ-ឃុំកើតហេតុ។     ក្រោយពេលកើតហេតុលោក គីវ សាឌុំ បានរត់គេចខ្លួនបាត់ស្រមោល និងបានក្រុមការងារមកអន្តរាគមន៍ក្នុងករណីនេះផងដែរ។ ពាក់ព័ន្ធករណីនេះ មហាជនរិះគន់ថា លោក គីវ សាឌុំ អនុប្រធានមន្ទីរអប់រំខេត្តកែប បើករថយន្តបង្កឲ្យមានគ្រោះថ្នាក់ ហើយរត់គេចខ្លួនពីការទទួលខុសត្រូវបែបនេះ ត្រូវប្រឈមមុខចំពោះមុខច្បាប់ មិនគួរលើកលេងឡើយ ប្រសិនបើមិនការអនុវត្តច្បាប់តឹងរឹងទេនោះ វានឹងក្លាយជាករណីនិទណ្ឌភាពមិនខាន។ បច្ចុប្បន្ន រថយន្តត្រូវបាននគរបាលស្ទូចដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប  ដើម្បីកសាងសំណុំរឿងរង់ចាំការដោះស្រាយតាមនិតិវិធី៕