2023-03-26 12:03
476

 

ព្រៃវែង៖ ស្ត្រីជាអតីតប្រពន្ធដើម បានស្ទាក់មុខអតីតប្តីដើម្បីទាមទាយកនូវចិញ្ចៀនផ្លាកទីន១វង់ ដែលជាចិញ្ចៀនផ្តាច់ចំណងស្នេហ៍ និងលុយ៥០០ដុល្លារ ក្រោយពីដឹងថាអតីប្តីបានយកប្រពន្ធក្រោយបង្កឲ្យមានការប្រតាយប្រតប់គ្នា ត្រូវអតីតប្តីម៉ាតចំនួន០៤ដៃចំកណ្តាលមុខសន្លប់ឈឹង។ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា រវាងស្ត្រីរងគ្រោះ និងជនបង្កជាអតីតប្តី-ប្រពន្ធនឹងគ្នា ប៉ុន្តែដោយការស់នៅមិនចុះសម្រុងនឹងគ្នាទើបលេងលះផ្តាច់និស្ស័យជាប្តី-ប្រពន្ធអស់ជាច្រើនឆ្នាំ បុន្តែដោយអតីតប្រពន្ធចង់បានចិញ្ចៀនផ្តាច់និស្ស័យស្នេហ៍មកវិញក្លាយជាហិង្សាតែម្តង។ 

ករណីអតីតប្តី-ប្រពន្ធផ្ទុះអំពើហិង្សាដាក់គ្នានេះ ព្រោះចិញ្ចៀនផ្តាច់ចំណងស្នេហ៍ បានកើតឡើង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិពោធិ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ អតីតប្តីដែលប្រើអំពើហិង្សាវាយតប់គ្នា បណ្តាលឲ្យភាគីអតីតប្រពន្ធមានរបួសស្នាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ 

សមត្ថកិច្ចបានឲ្យដឹងថា អតីតប្តីមានឈ្មោះ ហ៊ឹម សំអឿន អាយុ ៥៤ឆ្នាំ និងអតីតប្រពន្ធឈ្មោះ មុំ រ៉ា អាយុ ៥៤ឆ្នាំ និងរស់នៅភូមិ-ឃុំជាមួយគ្នា។ 

មុនពេលកើតហេតុ ស្ត្រីជាអតីប្រពន្ធបានជិះរថយន្តទៅស្ទាក់មុខអតីតប្តីដើម្បីទារលុយចំនួន ៥០០ដុល្លារ និងចិញ្ចៀនផ្លាកទីន១វង់ដែលស្ត្រីជាអតីតប្រពន្ធបានឲ្យកាលពីលេងលះគ្នាប៉ុន្មានឆ្នាំ ប៉ុន្តែបុរសអតីតមិនព្រមឱ្យក៏ផ្ទុះជាហិង្សាអតីតប្តីដាលចំកណ្តាលមុខ ចំនួន៤ដៃ ធ្វើឱ្យរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ 

សូមបញ្ជាក់ថា ចិញ្ចៀន១វង់ដែលស្ត្រីអតីតប្រពន្ធតាមទានោះ កាលពីពួកគាត់លេងលះគ្នា គឺកូនស្រីបានឲ្យទៅម្តាយកទៅប្រគល់ឲ្យឪពុកដើម្បីពួកគាត់លេងលះគ្នាដាច់ស្រឡះ ប៉ុន្តែក្រោយមកអតីតប្តីបានយកប្រពន្ធក្រោយមួយទៀត ទើបធ្វើឲ្យអតីប្រពន្ធតាមទាយកចិញ្ចៀន និងលុយ៥០០ដុល្លារថែមទៀតក៏កើតជាហិង្សាដាក់គ្នាតែម្តង។ 

បច្ចុប្បន្នអតីតប្តីត្រូវបាននគរបាលឃាត់ខ្លួន រៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវធីច្បាប់៕