2023-12-19 04:12
157

កណ្តាល៖ លោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ មានតួនាទីជានាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន និងតម្រូវឱ្យសាមីខ្លួន ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរងចាំការសម្រេចជាថ្មី។

នេះយោងតាមលិខិតបង្គាប់ការ លេខ: ០៧៥ ល.ប.ក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលក្រុមការងារ MSJ TV ទទួលបាននៅរសៀលថ្ងៃអង្គារនេះ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មានការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកមានខ្លឹមសារថា «អះអាងថា ខ្លួនជាប៉ូលីស និងជាដៃស្តាំ របស់លោកអធិការនគរបាលស្រុកពញាឮ ហើយបានទារលុយ ចំនួន ២០០ដុល្លារ ពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការចុះចាប់ជនសង្ស័យ ខណៈជនរងគ្រោះត្រូវគេកាប់ស្ទើរតែស្លាប់ទៅហើយ»។  

ក្រោយពីទទួលបានព័ត៌មាន ខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះធ្វើការងារស្រាវជ្រាវ ដើម្បីបញ្ជាក់ការពិតឲ្យបានច្បាស់លាស់ជាលទ្ធផល៖ ឈ្មោះ ហួត ចាន់សុខ ពិតជាបានទារប្រាក់ពីឈ្មោះ ឈៀង សំ ចំនួន ២០០$ (ពីររយដុល្លារ) តាមរយៈគណនី ABA ឈ្មោះ Hout Chansok ជាថ្នូរនឹងការតាមចាប់ជនល្មើស និងបានសរសេរពាក្យបណ្តឹងថ្មីឲ្យជនរងគ្រោះយកទៅដាក់នៅអធិការដ្ឋាននគរបាលស្រុក។ លុះនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង២៤នាទី ឈ្មោះ ហួត ចាន់សុខ បានតេទៅឈ្មោះ ឈៀង សំ តាមរយៈលេខទូរសព្ទ ០១២-២៩៣ xx៧ ទារប្រាក់ ចំនួន ៣០០$ (បីរយដុល្លារ) បន្ថែមទៀត ដើម្បីធ្វើសោហ៊ុយទៅចាប់ជនដៃដល់តែឈ្មោះ ឈៀង សំ មិនមានលទ្ធភាពរកប្រាក់បន្ថែម ចំនួន ៣០០ដុល្លារ ឡើយ ទើបមានការបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារដូចខាងលើប្រាកដមែន។ 

ចំណែក លោកស្រីអនុសេនីយ៍ឯក ឈ្មោះ ហួត ចាន់សុខ នាយរងផ្នែកសន្តិសុខផ្ទៃក្នុង នៃអធិការដ្ឋានស្រុកពញាឭ ពិតជាមានចេតនាប្រព្រឹត្តអំពើខាងលើដោយខ្លួនឯង ព្រោះចង់បានលុយយកទៅចាយដោយមិនមានការណែនាំ ឬបង្គាប់បញ្ជាពីលោកអធិការនគរបាលស្រុកពញាឮ ឲ្យទៅទារប្រាក់ពីជនរងគ្រោះ ជាថ្នូរទៅនឹងការតាមចាប់ជនសង្ស័យនោះទេ។ 

ពាក់ព័ន្ធករណីនេះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត មានចំណាត់ការចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ ៦៣៥៥៤ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ផ្អាកការងារបណ្តោះអាសន្ន មូលហេតុ «ប្រព្រឹត្តកំហុសមានចែងក្នុងបទបញ្ជាលេខៈ ០០៦ បបជ របស់កងកម្លាំងនៃអគ្គស្នងការនគរបាលជាតិ»៕