2023-07-18 11:07
372

ពោធិ៍សាត់៖ ថៅកែជនជាតិវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ចាប់ឃាត់ខ្លួន ក្រោយបង្កហិង្សាដោយចេតនា ទៅលើកម្មររបស់ខ្លួនដែលជាជនជាតិវៀតណាមដូចគ្នា បណ្តាលឲ្យរងរបួសធ្ងន់។

 ករណីនេះកើតឡើង នៅវេលាម៉ោងប្រហែល ៨ និង០០នាទី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិទី០៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 យោងតាមកំណត់ហេតុបំភ្លឺ និងកំណត់ហេតុបណ្ដឹង របស់ឈ្មោះ ឡេ យ៊ាំងប៉ាវ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម រស់នៅក្នុងភូមិទី០៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាឪពុកជនរងគ្រោះ បានឲ្យដឹង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៨និង៣០ នាទី ខ្លួនបានអង្គុយនៅផ្ទះដែលមានចម្ងាយ ប្រហែល ៣០ ម៉ែត្រ ពីផ្ទះ ង្វៀង យ៊ាំងកាំ ហើយផ្ទះនោះកំពុងមានកម្មវិធីផឹកស៊ី មានគ្នាច្រើននាក់។

 ប្រភពបន្តទៀតថា ចំពោះកូនរបស់ខ្លួនដែលត្រូវជាកម្មកររបស់ឈ្មោះ ង្វៀង យ៊ាំងកាំ កំពុងអង្គុយស្រាវក្រសួរម៉ង ពេលនោះស្រាប់តែឃើញ ឈ្មោះ ង្វៀង យ៊ាំងកាំ បានយកកាំបិតសាំម៉ូរ៉ៃ ទៅកាប់កូនប្រុសរបស់ខ្លួន ឈ្មោះ ឡេ យ៉ាំងហុង ចំក្បាល បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ពេលវាកាប់កូនរបស់ខ្លួន ហើយឈ្មោះកាំ បានយកកាំបិតទៅលាក់ ហើយអង្គុយផឹកធម្មតាដូចជាគ្មានរឿងអ្វីកើតឡើង បន្ទាប់មកទើបខ្លួនបានរាយការណ៍ជូនលោកមេភូមិ ក្រោយមកក៏ឃើញសមត្ថកិច្ចចុះអន្តរាគមន៍ ។ 

 លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងពិនិត្យទីតាំងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ង្វៀង យ៊ាំងកាំ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម មានទីលំនៅក្នុងភូមិទី០៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីសួរចម្លើយ តែជនសង្ស័យឈ្មោះ ង្វៀង យ៊ាំងកាំ មិនព្រមសារភាពទទួលកំហុសឡើយ ។ លោកអធិការបានបន្តថា បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បំពេញសំណុំរឿង តាមនីតីវិធីបញ្ជូនទៅជំនាញខេត្ត ដើម្បីចាត់ការបន្ត ៕