2023-09-26 02:09
220

ភ្នំពេញ ៖ បទល្មើសលួច ឆក់ មួយរយៈនេះដូចជាកក្រើកឡើងនៅខណ្ឌកំបូល ហាក់បីដូចជាមិនខ្លាចញញេីតសមត្ថកិច្ចសោះ បន្ទាប់ពីលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ ជាអធិការខណ្ឌកំបូលដែលទើបតែងតាំងថ្មីៗ។ ជាក់ស្តែងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពឆក់យកកាបូបលុយពីស្ត្រីម្នាក់បានសម្រេច គេចខ្លួនដោយសុវត្តិភាព នៅត្រង់ចំណុចផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ។

  ពលរដ្ឋបានលើកឡើងថា ជនសង្ស័យធ្វើសកម្មភាពឆក់ច្រើនលើកច្រើនសាហើយនៅតាមផ្លូវជាតិលេខ៤ មុខខ្លោងទ្វារវត្តស្ងួនពេជ្រ សង្កាត់កន្ទោក ផ្លូវបេតុង រោងចក្រយ៉ាកជីង សង្កាត់កំបូល តាមដងផ្លូវ៦០ម៉ែត្រ ផ្លូវក្រវាត់ក្រុងទី៣ ធ្វើឱ្យពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ។

ពលរដ្ឋទន្ទឹងរង់ចាំមើលថា តើលោកអធិការមានផែនការ បង្ការ ការពារ ទប់ស្កាត់រាល់បទល្មើសបែបណា ដើម្បីសុខសុវត្តិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន ជូនសង្គម តែក្នុងពេលបច្ចុប្បន្ននេះ ក្នុងភូមិសាស្ត្រខណ្ឌកំបូល បទល្មើសកើតឡើងដូចជារាល់ថ្ងៃពេកទៅហើយ ។ 
ក្រោយពេលកេីតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ៕