2023-09-27 01:09
343

ព្រះសីហនុ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឱ្យជំនន់ទឹកភ្លៀងវាយប្រហារផ្លូវជាតិលេខ៤ បណ្តាលឱ្យទឹកហូរកាត់ប្រមាណជាង ១០០ម៉ែត្រ អាជ្ញាធរខេត្តព្រះសីហនុ បានប្រការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាព ដូច្នេះប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរ ត្រូវវៀងតាមផ្លូវល្បឿនលឿន។

រដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជនឱ្យបាន ជ្រាបថា៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ កម្រិតជំនន់ទឹកភ្លៀងបានកើនឡើងជាលំដាប់ ហើយបានជន់លិចទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ (១៥៣-១៥៤) ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានប្រវែងជាង ១២០ម៉ែត្រ ស្ថានភាពបែបនេះមិនអាចអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ។

ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នផ្លូវជាតិលេខ៤ របស់អាជ្ញាធរខេត្តព្រះសីហនុនេះ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពានកុំឱ្យមានការបាក់ស្រុត ធានាប្រើប្រាស់បានយូរអង្វែង រដ្ឋបាលខេត្តព្រះសីហនុ ទើបអាជ្ញាធរធ្វើការផ្អាកចរាចរបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទ នៅត្រង់ចំណុចចន្លោគីឡូម៉ែត្រលេខ (១៥៣-១៥៤) ស្ថិតក្នុងភូមិសាស្ត្រខាងលើចាប់ពីម៉ោង ០៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជនមេត្តាជ្រាប ហើយសូមមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឱ្យបានល្អប្រសើរ៕