2024-02-01 11:02
56

ពិធីផ្សព្វផ្សាយនេះធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តរតនគិរី រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ក្រោមវត្តមាន បើកនិងបិទ លោក លីច័ន្ទណារិទ្ធ អនុប្រធានមន្ទីសុខាភិបាលខេត្តនិងលោកជា សានិត ប្រធានស្តីទី មន្ទីរសុខាភិបាលខេត្តរតនគិរី។ ថ្លែងបើកកិច្ចប្រជុំនេះលោក លី ច័ន្ទណារិទ្ធ បានលើកឡើងថា ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តវិធានការច្បាប់គ្រប់លើការអនុវត្តគ្រប់គ្រងឳសថឯកជនក្នុងខេត្តរតនគិរី ដើម្បីសុខមាលភាពសង្គមនិងអោយសេវារដ្ឋនិងឯកជនមានគុណភាពនិងសមត្ថភាពពិតប្រាកដ។  អនុប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីរូបនេះបន្តថា ការស្វែងយល់ពីច្បាប់លិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសុខាភិបាល និងការពង្រឹងការអនុវត្តវិធានការច្បាប់ លើការគ្រប់គ្រងសេវាឱសថឯកជនពិតជាមានសារៈសំខាន់ខ្លាំងណាស់ពិសេសដំណាក់កាលកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលចង់ឲ្យវិស័យសុខាភិបាលទាំងរដ្ឋនិងឯកជនត្រូវដើរទន្ទឹមគ្នា ព្រមទាំងលុបបំបាត់នូវការប្រកបអាជីវកម្មឱសថឯកជនខុសច្បាប់ និងឱសថក្លែងក្លាយ គ្រឿងសំអាងការដែលគ្មានគុណភាព និងការអនុវត្តវិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរឹង ។

លោក ជា សានិត ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្តរតនគិរីដែលបានអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ទាក់ទងនិងងសេវាឯកជនក្នុងវិស័យសុខាភិបាលនាឱកាសនេះបានលើកឡើងថា បច្ចុប្បន្ននេះក្រសួងសុខាភិបាលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើការត្រួតពិនិត្យសេវាឯកជន លុបបំបាត់ការប្រកបអាជីវកម្មឱសថឯកជនខុសច្បាប់ និងឱសថក្លែងក្លាយ គ្រឿងសំអាងការគ្មានគុណភាព។ ជាក់ស្តែងក្នុងមួយរយៈពេលកន្លងមកក្រសួងសុខាភិបាលបានចុះត្រួតពិនិត្យនិងបិទទីតាំងការប្រកបអាជីវកម្មផ្តល់សេវាសុខាភិបាលនិងឱសថស្ថានខុសច្បាប់ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ និងបន្តធ្វើជាបន្តបន្ទាប់ទៀតនៅតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា។លោកបន្តថា ចំពោះការការប្រកបអាជីវកម្មឱសថឯកជនខុសច្បាប់ និងឱសថក្លែងក្លាយ គ្រឿងសំអាងការដែលគ្មានគុណភាពមិនត្រឹមតែត្រូវបិទទីតាំងប្រកបអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែនិងត្រូវចាត់វិធានការយ៉ាងតឹងរឹងទៅតាមផ្លូវច្បាប់ទៀតផង។

លោកប្រធានមន្ទីរស្តីទីបានណែនាំលោកគ្រូ អ្នកគ្រូពេទ្យទាំងរដ្ឋនិងឯកជនត្រូវខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងយកចិត្តទុក្ខដាក់ពិនិត្យព្យាបាលជំងឺ ត្រូវមាន

ការទទួលខុសត្រូវចំពោះអ្នកជំងឺត្រូវចេះគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អ កែប្រែឥរិយាបថ ទន់ភ្លន់ សុភាពរាបសារ រួសរាយរាក់ទាក់ ជាមួយអ្នកជំងឺមិនត្រូវប្រើអាកប្បកិរិយា និងសម្តីអសុរសជាមួយអ្នកជំងឺ ដោយគិតថា គ្រូពេទ្យជាអាណាព្យាបាលអ្នកជំងឺ កុំទុកអ្នកជំងឺចោល និងត្រូវបញ្ជូនគាត់ទៅកន្លែងដែលមានលទ្ធភាពព្យាបាលខ្ពស់ជាងយើង ក្នុងករណីដែលគ្រូពេទ្យគ្មានលទ្ធភាព្យាបាល។

សូមបញ្ជាក់ថា យោងរបាយការណ៍មន្ទីរសុខាភិបាលខេត្តបានបង្ហាញថា ក្នុងឆ្នាំ២០២៣
នៅទូទាំងខេត្តរតនគិរីមានការបើកប្រកបអាជីវកម្មផ្តល់សេវាសុខាភិបាលនិងឱសថស្ថានឯកចំនួន២៩៦កន្លែង៕