2024-02-10 03:02
65

 (ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤។

 លោកអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅទូទាំងប្រទេសហើយ សូមសម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងបានផ្តល់ការគាំទ្រយ៉ាងធំធេង និងរឹងមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ ធ្វើឱ្យគណបក្សអាចបំពេញបេសកកម្មបម្រើប្រទេសជាតិប្រកបដោយ ជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមកសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ។

 បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់នៃសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ប្រកបដោយក្តីសង្ឃឹមលើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

 លោកអភិសន្តិបណ្ឌិតសូមសម្តែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ជាអ្នកតំណាងរាស្ត្រ និងជាសមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងនៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។

 សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ក្រៃលែងសម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជាយើង។ ពិតមែនតែការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន៕