2023-09-27 11:09
144

(កែប)នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា អមដំណើររួមជាមួយដោយឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា ដែលជាគណៈប្រតិភូ រួមជាមួយលោកបណ្ឌិត ងិន ងិនដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះសាកសួរសុខទុក្ខ កុមារកំព្រា កំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកែប។

លោកបណ្ឌិត ងិន ងិនដា អភិបាលរងខេត្តកែប មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខដល់ក្មេងកុមារកំព្រានៅគ្រប់កន្លែង ទៅតាមរយ:រដ្ឋបាលខេត្ត កែបនាពេលកន្លងទៅក្មួយៗនៅមណ្ឌលកុមារកំព្រាទីនេះ ដែលបានទទួលការទំនុកបំរុងជាហូរហែរ ដោយមានការចូលរួមពីសប្បុរសជនបន្ថែមគ្រប់ទិសទី ធ្វើយ៉ាងណាធានាបានការហូបចុក សំលៀកបំពាក់បានគ្រប់គ្រាន់ ជាមួយការលើកទឹកចិត្តឲ្យកូនក្មួយបន្តសិក្សារៀនសូត្រដូចកុមារដទៃទៀតនោះដែរ និងឈានទៅបន្តការសិក្សានៅបណ្តាសាកលវិទ្យាល័យ និងឆ្ពោះទៅយកជំនាញសម្រាប់កសាងអនាគតបាន។ 

ជាមួយគ្នានោះដែរ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា មានប្រសាសន៍ ផ្តាំផ្ញើដល់កុមារទាំងអស់ដែលកំពុងស្នាក់នៅមណ្ឌលនេះ ត្រូវចេះស្រឡាញ់គ្នាឲ្យដូចបងប្អូន និងខិតខំរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ត្រូវដើរតាមផ្លូវល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។  
លោកជំទាវផ្តល់ក្តីសង្ឃឹមថា ទៅថ្ងៃខាងមុខក្មួយៗពិតជាក្លាយខ្លួនជាមនុស្សល្អ និងមានប្រយោជន៍សំរាប់អនាគតរបស់ខ្លួន និងសង្គមជាតិ។ ជាពិសេសក្មួយៗ ត្រូវថែទាំសុខភាពឱ្យបានល្អដោយធ្វើអនាម័យជាប់ជាប្រចាំ និងអនុវត្តនូវវិធាន ៣កុំ ៣ការពារ អោយបានគ្រប់ពេល។

ជាមួយអនុសាសន៍ផ្តាំផ្ញើ និងលើកទឹកចិត្តលោកជំទាវ បាននាំមកជាមួយនូវអំណោយផ្តល់ជូនកុមារ២៧នាក់ ដោយក្នុងម្នាក់ទទួលបាន ការបូបស្ពាយ១, សៀវភៅ ១០ក្បាល, ប៊ិច២ដើម ទឹកដោះគោ២ កំប៉ុង ទឹកក្រូច និងទឹកផ្លែឈើ៣កំប៉ុង សាប៊ូ១ដុំ ច្រាសដុសធ្មេញ និងថ្នាំដុធ្មេញ ១ កន្សែងពោះគោ ០១ នំ ៧កញ្ចប់តូច ស្បែកជើង១គូ ថវិកាឧបត្ថម្ភចំនួន២០,០០០៛ និងជូនមណ្ឌលកុមារ ខេត្តកែប នូវថវិកា ១,០០០,០០០៛ អ្នកមើលថែកុមារ (ម៉ែដោះ) ៤នាក់ ក្នុងម្នាក់ៗទទួលបាន ១០០,០០០៛ ផងដែរ។(សឹង រ៉ាត់)