2024-03-02 12:03
72

(កំពង់ឆ្នាំង)៖សមត្ថកិច្ចចម្រុះនៃគណបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរីនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤បានសហការគ្នាចុះបង្ក្រាបបទល្មើសលួចឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់៣ជិត ១០០ហិកតាដែលត្រូវបានជនខិសខូចមួយចំនួនលួចឈូសឆាយទន្ទ្រានដោយខុសច្បាប់ថែមទាំងបានលួចយកស្រូវទៅព្រួសនៅលើដីនោះថែមទៀតផង។ដឺដែលត្រូវបានជនល្មើសលួចឈូសឆាយនិងយកស្រូវទៅព្រួសខាងលើនេះ ស្ថិតនៅចំណុចព្រែកស្ដីដកគង តូច ជាប់ដៃព្រែកផ្ទោលនៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី។

លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលស្រុកនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា: ដីព្រៃលិចទឹកក្នុងតំបន់៣ នៅចំណុចខាងលើនេះត្រូវបានជនខិលខូចលួចទន្ទ្រានឈូសឆាយយកធ្វើជាកម្មសិទ្ធិកាលពីរដូវទឹកទន្លេឡើងក្នុងឆ្នាំ២០២៣នេះ។ដែលកាលនោះសមត្ថកិច្ចយើងក៏ធ្លាប់បានហៅអ្នកឈូសឆាយមួយចំនួនមកធ្វើកិច្ចសន្យាបញ្ឈប់ការឈូសឆាយ និងក៏មិនអនុញ្ញាតឲ្យព្រួសស្រូវធ្វើស្រែនោះដែរ។

ប៉ុន្តែជាក់ស្ដែងនៅរដូវសម្រកឆ្នាំនេះសមមត្ថកិច្ចយើងបានចុះទៅពិនិត្យឃើញដីព្រៃលិចទឹកតំបន់៣នៅចំណុចនេះត្រូវបានគេលួចឈូសឆាយបន្តអស់ជិត១០០ហិកតា។ហើយក៏មានអ្នកលួចយកស្រូវចូលទៅព្រួសដើម្បីងាយស្រួលក្នុងការបន្លំកាន់កាប់យកធ្វើជាកម្មសិទ្ធិផងដែរ។ហឹតុនេះទើបនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរីបានសហការគ្នាចុះបង្ក្រាបករណីនេះដោយមិនអនុញ្ញាតឲ្យយកស្រូវទៅព្រួសនោះឡើយ។

ករណីខាងលើនេះពេលសមត្ថកិច្ចចុះទៅដល់ក៏ឃើញមានជន ល្មើសជិត១០នាក់កំពុងធ្វើសកម្មភាពព្រួសស្រូវ ពេលឃើញសមត្ថកិច្ចទៅដល់ក៏បាននាំគ្នារត់គេចខ្លួន សមត្ថកិច្ចក៏បានធ្វើការដកហូតពូជស្រូវពង្រោះបាន១២បាវដែលក្នុង១បាវៗមានទម្ងន់៤០ គីឡូក្រាមនៅលើទីតាំងដីខាងលើនេះផងដែរ។ដោយឡែកដីមួយចំនួនតូចត្រូវបានគេលួចព្រោះស្រូវរួចហើយដែរករណីនេះរដ្ឋបាលស្រុកកំពុងបន្តចុះបង្ក្រាបមិនអនុញ្ញាតឲ្យមានការធ្វើស្រែបន្តទៀតនោះឡើយ។

លោកអភិបាលស្រុកជលគីរីបានបញ្ជាក់ឲ្យដឹងទៀតថា: ករណីលួចឈូសឆាយដីព្រៃលិចទឹកតំបន់៣នៅចំណុចនេះគឺប្រឆាំងនឹងគោលការណ៍របស់រាជរដ្ឋាភិបាលដោយសង្ស័យថា មានអ្នករៀបចំនូវពីក្រោយ ដែលសមត្ថកិច្ចយើងកំពុងធ្វើការស៊ើបអង្កេត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចំណាត់ការបន្ត ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា: អ្នកលួចឈូសឆាយដីតំបន់៣នៅចំណុចខាងលើនេះ មួយចំនួនសស្ស័យជាមន្ត្រីរាជការ និងមួយចំនួនជាប្រជាពលរដ្ឋ។ករណីនេះសមត្ថកិច្ចជំនាញនិងអាជ្ញាធរគួរតែស្រាវជ្រាវរកមុខជនល្មើសឲ្យឃើញបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ទើបបទល្មើសការទន្ទ្រានយកដីព្រៃលិចទឹករបស់រដ្ឋដូចខាងលើនេះលែងកើតមានជាបន្តទៀត។

ពាក់ព័ន្ធនិងដីតំបន់៣ នេះដែរលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅរាល់អង្គប្រជុំនានាកន្លងមក លោកធ្លាប់ព្រមានជាញឹកញាប់ដល់មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋា នរបស់ខ្លួនសូមកុំឲ្យប៉ះពាល់ដីព្រៃលិចទឹកតំបន់៣អោយសោះ ករណីមានមន្ត្រីរាជការឬអាជ្ញាធរ រួមទាំងប្រជាពលរដ្ឋមានការពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់គឺរដ្ឋបាលខេត្តមិនអត់ឱនអោយនោះឡើយ៕