2024-01-05 04:01
83

ត្បូងឃ្មុំ៖ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង រងការរិះគន់ពី មាតា បិតា សិស្សថា ការផ្ញើម៉ូតូ ដាក់ខាងក្រៅជាលក្ខណៈឯកជន នៅដដែលសាលាមិនទាន់មានវិធានការដោះស្រាយនៅឡើយទេ ។

មាតា បិតា សិស្ស បានរៀបរាប់ឲ្យដឹងថា កូនៗ យកម៉ូតូទៅផ្ញើនៅក្រៅសាលាធ្វើឲ្យពួកគាត់ព្រួយបារម្ភពីការគោរពវិន័យរបស់សាលាមិនបានល្អ ។ ម៉្យាងទៀតការចំណាយទៅលើការផ្ញើម៉ូតូ ក្នុងមួយខែៗ មិនក្រោម២ម៉ឺន៥ពាន់រៀលនោះទេ ម៉ូតូផ្ញើតម្លៃ៥០០រៀលម្តង បើផ្ញើ២ដងអស់១ពាន់រៀលឯណោះ  ។ 

ពួកគាត់បានលើកឡើងថា សាលាគួរមានវិធានការទៅលើភាពមិនប្រក្រតីនេះផង ព្រោះវិទ្យាល័យផ្សេងៗ ក្នុងខេត្តសិស្សទៅរៀនគឺផ្ញើម៉ូតូក្នុងសាលា ភាស៉ីយកតែ៣០០រៀលទេ ។

លោក អាំង សុខពៅ ជាគ្រូបង្រៀនផ្ទះនៅមុខវិទ្យាល័យបានបញ្ជាក់ថា ក្នុងម៉ូតូ១គ្រឿងយកតម្លៃ៥០០រៀលជាយូរឆ្នាំមកហើយ ។
មួយវិញទៀត លោក កែវ រុន ជាគ្រូបង្រៀន បានបញ្ជាក់ឲ្យដឹងថា ម៉ូតូ១គ្រឿង គាត់យកតែ៣០០រៀលទេ គឺអនុវត្តន៍តាមការដេញថ្លៃ និងតាមការណែនាំរបស់សាលា ។
លោក សេង ឌឿន នាយកវិទ្យាល័យសម្តេចតេជោហ៊ុន សែន សួង បានបញ្ជាក់ថា ពិតជាមានការផ្ញើម៉ូតូក្រៅសាលាមែន ហើយមានចំនួន២កន្លែងផងដែរ វិទ្យាល័យមានសិស្ស៣ពាន់នាក់ ម៉ូតូមានចំនួនជាង៥០០គ្រឿង ផ្ញើផ្ទះឯកជនអាចជិត២០០គ្រឿង ។ ការងារនេះ សាលាបានណែនាំឲ្យយកម៉ូតូ១គ្រឿងតែ៣០០រៀលទេ តែផ្ទះឯកជនទាំង២នោះនៅបន្តយក៥០០រៀលដដែល ។ 

លោកក៏បានត្អូញត្អែរដែរថា រាល់ឆ្នាំសាលាមានការខ្វះខាតទៅលើការចំណាយផ្សេងៗ ដូចជា បញ្ហាទឹក ភ្លើង ក្នុងការបង្កចរន្តការងារសាលាឲ្យបានប្រសើរឡើង ។ បើសិនកុំមានការផ្ញើម៉ូតូនៅក្រៅសាលាបែបនេះ ទើបបង្កឲ្យមានការលំបាក ។ 

ទាំងពីរនាក់ប្តី ប្រពន្ធ ដែលផ្ទះផ្ញើម៉ូតូនៅមុខវិទ្យាល័យនោះជាគ្រូបង្រៀនដែរ។ ក្រោយពីដេញភាស៉ីផ្ញើម៉ូតូមិនបាន ហើយទៅបើកការផ្ញើម៉ូតូជាឯកជនដូចនេះជាយូរឆ្នាំមកហើយ ៕