2023-09-29 01:09
213

ខេត្តប៉ៃលិន ៖ ទណ្ឌិតម្នាក់ស្លាប់ក្រោយពេលបញ្ជូនជិតដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណ:ដែលគាត់មានអាការ:មិនស្រួល ត្រូវបានអនុរក្សពន្ធនាគារដឹកយកទៅសង្គ្រោះជិតដល់មន្ទីរពេទ្យបង្អែកខេត្ត តែជាអកុសលពេលទៅដល់គ្រូពេទ្យបានពិនិត្យឃើញថា គាត់បានដាច់ខ្យល់តាំងពីពាក់កណ្ដាលផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថា៖ ទណ្ឌិតដែលស្លាប់ មាន ឈ្មោះ ហម នី ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពដដែលបន្តទៀតថា ទណ្ឌិតខាងលើ ជាប់ពន្ធនាគារខេត្តប៉ៃលិន ក្នុងបទល្មើស ប្រទូស្តកេរខ្មាស មានស្ថានទម្ងន់ទោស រយ:ពេល០៣ឆ្នាំ អនុវត្តទោសបានចំនួន១ឆ្នាំ៥ខែ។
ប្រភពដដែលបញ្ជាក់ថា÷សពទណ្ឌិត ត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កម្លាំងជំនាញកោសល្យវិច័្ចយ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងស្យវិច័យ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ធ្វើកោសល្យវិច័យពិនិត្យឃើញថា សពពិតជាស្លាប់មុនទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសារជំងឺគាំងបេះដូង ពិតប្រាកដមែន។

ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន សពត្រូវបានកម្លាំងពន្ធនាគារខេត្តប៉ៃលិន យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ,ស សារឿន