2024-03-21 03:03
39

សៀមរាប៖ ជនត្រូវចោទចំនួន ០២នាក់ បន្ថែមទៀត ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ចាប់ និងឃុំខ្លួនក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹង ក្រុមហ៊ុន «ប៊ី្រលាន ស៊ីធី វើលដ៍ ឯ.ក» របស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា អតីតមានគោរមងារ ជា «ឧកញ៉ា» ពាក់ព័ន្ធករណីឆបោកប្រាក់ពីប្រជាពលរដ្ឋរាប់ពាន់នាក់នូវទឹកប្រាក់រាប់លានដុល្លារ។

 អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ ចំនួន ០២រូប មានឈ្មោះ អ៊ឹម ស្រីវុទ្ធ ភេទស្រី អាយុ ៣៥ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយ ពីបទ៖ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ និងបទ៖ «សម្អាតប្រាក់» តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

 បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ០២នាក់ ខាងលើ ជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

 អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់បន្ថែមថា «សាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងនេះ ឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន និងជម្រាបជូននូវព័ត៌មានជាបន្តបន្ទាប់ក្រោយទៀតនៅពេលមានចំណាត់ការថ្មី»