2024-02-04 06:02
62

តាកែវ៖ ក្រុមក្មេងទំនើងដែលតែងតែបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន បានធ្វើសកម្មភាពតដៃជាមួយសមត្ថកិច្ចដោយយកកាំបិតចែតគប់បណ្តាលឱ្យចំមន្ត្រីនគរបាលម្នាក់រងរបួស ត្រូវបានចាប់ខ្លួនយកអធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ និងបក្ខពួក ចំនួន ០៣នាក់ទៀតកំពុងរត់គេចខ្លួន។
   នគរបាលបានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ  ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង មានការសម្របសម្រួលនីតិវិធីច្បាប់ពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅយប់ថ្ងៃសៅរ៍ ទី០៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២០និង៣០នាទី សម្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានកើតករណីហឹង្សាដោយចេតនាមួយកើតឡើង នៅចំណុចភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ 
   ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានបញ្ជាលោកវរសេនីយ៍ទោ យ៉ាង តារា និងលោកវរសេនីយ៍ត្រី នៅ នី អធិការរងទទួលការងារយុត្តិធម៌ស្រុក ដឹកនាំកម្លាំងអន្តរាគមន៍ ចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនបង្កបាន ចំនួន ០៤នាក់ដូចខាងក្រោម÷
១- ឈ្មោះ យ៉ុន រ៉ាយុទ្ធ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ឃាត់ខ្លួន) ។
២- ឈ្មោះ រិន តុលា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិពោធិ៍រោង  ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ឃាត់ខ្លួន) ។
៣- ឈ្មោះ សាទ សុវណ្ណ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កសិករ  មានទីលំនៅ ភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជនដៃដល់ (ឃាត់ខ្លួន) ។
៤- ឈ្មោះ គាត សុខនូ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ឃាត់ខ្លួន) និងបក្ខពួកចនួន ០៣នាក់ទៀត បានរត់គេចខ្លួន។
   មុនពេលកើតហេតុ ក្រុមក្មេងទំនើងទាំង ០៧នាក់ខាងលើ បានធ្វើសកម្មភាពយកកាំបិតកាចែតគប់មកលើកម្លាំងអន្តរាគមន៍ពេលចុះបង្ក្រាបបណ្តាលឱ្យរងរបួស មន្ត្រីនគរបាលម្នាក់ ឈ្មោះ យ៉ែម យុទ្ធារិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ មានតួនាទីជានាយរង ផ្នែកនគរបាលយុត្តិធម៌ស្រុកគិរីវង់ មានទីលំនៅ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ របួសលើកែងដៃផ្នែកខាងឆ្វេងដាច់រលាត់ចេញឈាមប្រវែង ១៣ស.ម។ 
   ប្រតិបត្តិការណ៍បង្ក្រាបក្រុមក្មេងទំនើងនោះ សមត្ថកិច្ចដកហូតសម្ភារ: រួមមាន៖ ម៉ូតូចំនួន ០២គ្រឿង ក្នុងនោះ ម៉ូតូម៉ាកអ៉ីស៊ីទ័រ ពណ៌លឿង ( គ្មានស្លាកលេខ) ០១គ្រឿង និង ម៉ូតូ ០១គ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅសេរី២០២០ (គ្មានស្លាកលេខ ) និងកាំបិតកាចែត ០១ដើម។
   បច្ចុប្បន្នកម្លាំងជំនាញបាននាំខ្លួនជនបង្កយកមកធ្វើការសាកសួរ នឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប៕