2024-03-08 12:03
50

ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យជាជនជាតិកូរ៉េប្រុសស្រី ចំនួន០២នាក់ និងបក្ខពួក ពីបទល្មើសដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងផ្តើមគំនិតក្នុងបទល្មើសដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ មាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ។

ជាក់ស្ដែងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌទទួលពីមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជនជាតិកូរ៉េ ចំនួន០២នាក់ រកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន និងប្រភេទកេតាមីនទម្ងន់ ០២គីឡូក្រាម នៅចំណុចស្ថានីយ៍អ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ 
ប្រភពដដែលបន្តថា ចំណែកបក្ខពួកពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាត់ការតាមនីតិវិធីច្បាប់៕