2024-01-27 12:01
59

ខេត្តមណ្ឌលគិរី ៖ គួរឱ្យសោកស្តាយណាស់ កូន​ដំរីព្រៃ​មួយ​ក្បាល​ត្រូវ​​​បាន​​អ្នក​​ភូមិ​​ប្រទះ​​​ឃើញ​​​​​​ងាប់​​ក្នុង​​សភាព​​​ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​​ឆ្ពោះទៅ​ភូមិ​ក្តោ​យ ក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​លឹ​ម​រ៉ូ​យ៉ា​ល់ ក្នុងភូមិ​ជី​ក្លប់ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាល​ពី​​រសៀល​ថ្ងៃ​ទី​២៦ ខែមក​រា ឆ្នាំ២០២៤។

 ប្រភព​នានា​បាន​រាយការណ៍​ថា ៖ នៅ​ពេល​ក្រុមការ​ងារ​រដ្ឋបាល​ខេត្ត​​ទៅ​កាន់​ភូមិ​​​​​​​​​ក្តោ​យ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដើម្បី​ចែក​​វិញ្ញា​​​បនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជា​ពលរដ្ឋ ក៏​បាន​ទទួល​ព័ត៌​មាន​ពី​អ្នក​ភូមិ​ពី​ការ​ប្រទះ​ឃើញ​កូន​ដំរីព្រៃ​ងាប់ ។ ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ ​មន្ត្រី​​នៃ​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច បាន​​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​ប្រ​ទះ​ឃើញ​នោះ ។

 បន្ទាប់​ពី​ត្រួតពិនិត្យ​ជាបឋម គឺ​បាន​រក​ឃើញ​មាន​ស្នាម​គ្រាប់​មួយ​បាញ់​ចំ​ឆ្អឹងជំនីរ​ឆ្វេង ទើប​បណ្តាល​ឲ្យ​កូន​ដំរី​មួយ​ក្បាល​នេះ​ងាប់ ។ 

 ប្រភព​បាន​បន្ត​ថា ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ដឹក​​កូន​ដំរី​ញី​ខាងលើ​នោះ​ទៅ​ស្នាក់​​ការ ដើម្បី​ទុក​ឲ្យ​នគរបាល​ខាង​​កោ​ល្យ​វិច័យ​ត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់​ ពី​ស្លាកស្នាមដើម្បី​​រក​ការ​ពិត​ថា តើ​របួស​នោះ​បង្ក​ឡើង​មក​ពី​ការ​បាញ់​ដោយ​គ្រាប់កាំភ្លើង​ឬ​ក៏​ព្រួញ 

 ពាក់ព័ន្ធករណីនេះ ឃើញអ្នកសារព័ត៌មាន បានដាក់រូបដំរីនេះ ងាប់ ក្នុងគ្រុបការងារវិស័យបរិស្ថាន និងសរសេរថា៖ «គួរឱ្យសោកស្តាយ កូនដំរីព្រៃ ១ក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកងាប់កណ្តាលព្រៃសង្ស័យត្រង់ចំណុច អូរថ្ម ភូមិក្តោយ ឃុំរយ៉ ស្រុក កោះញែកខេត្តមណ្ឌលគិរី សង្ស័យងាប់ដោយសារការបាញ់ប្រហារនឹងគ្រាប់កាំភ្លើង» ប៉ុន្តែមិនទាន់ឃើញជំនាញបញ្ជាក់ជាផ្លូវការងាប់ដោយសារអ្វី ៕