2024-03-17 06:03
42

បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅដល់បន្ទប់ស្នាក់នៅរបស់កម្មកររោងចក្រ Y & W ដើម្បីពន្យល់ពីឱកាសការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដែលកម្មករនៅបន្តទទួលបាន។
   ក្រុមការងារ និងរថយន្តនៃមជ្ឈមណ្ឌលការងារចល័តចំនួន៣គ្រឿង បាននិងកំពុងបន្តនៅខាងមុខរោងចក្រ ហើយរថយន្តចំនួន២គ្រឿងជាមួយមន្ត្រីប.ស.ស. និងមន្ត្រីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានធ្វើដំណើរទៅកាន់បន្ទប់ស្នាក់នៅរបស់កម្មករដែលនៅជុំវិញរោងចក្រ Y & W។ 
   គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជាង ២៥០០ កន្លែងជូនដល់បងប្អូនកម្មករ កម្មការិនីនៃរោងចក្រY & W  ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបានការងារធ្វើកាន់តែឆាប់រហ័សសម្រាប់ និងបន្តមានចំណូល។ សម្រាប់អ្នកដែលចង់ទទួលបានឱកាសការងារភ្លាមៗ សូមទាក់លេខ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)ដើម្បីចុះឈ្មោះ និងទទួលបានឱកាសការងារថ្មីៗបន្ថែម។ 
    ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនកម្មករ ដែលកំពុងរង់ចាំនីតិវិធី និងដំណោះស្រាយ ដើម្បីទទួលបានប្រាក់ឈ្នួល និងប្រាក់ បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន មកទទួលសេវា ជួយរកការងារធ្វើពី NEA ដើម្បីឱ្យបងប្អូនអាចទទួលបានការងារថ្មីឆាប់រហ័ស និងមានប្រាក់ខែបន្តភ្លាមៗ។ 
   សូមបញ្ជាក់ថា ការផ្តល់ឱកាសការងារដល់កម្មករនិយោជិតនេះ គឺជាយន្តការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការដើម្បីផ្តល់ឱកាសការងារដល់កម្មករកម្មការិនីនៅរោងចក្រY & Wក្នុងគោលបំណងបន្តនិរន្តរភាពជីវភាពតាមរយៈការងារថ្មី៕