2023-12-16 11:12
95

(កែប)៖  កាលពីថ្ងៃទី ១៥ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣នេះលោក មន កាន់ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលសាងាំក្រោយដំណើរការស្រែចិញ្ចឹមគ្រឿងសមុទ្រអស់ជាច្រើនឆ្នាំឬ វារីវប្បកម្មលក្ខណគ្រួសារ មាន ក្តាមថ្ម ត្រី បង្គារ​ ជាដើម លើដីដែលបន្សល់ពីកេរ្តិ៍ សម្រាប់ឆ្នាំនេះលោកតំណាងពលរដ្ឋ៩គ្រួសារ ដែលមានទីលំនៅ នៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ហាក់បង្ហាញភាពស្ទាក់ស្ទើរ ក្នុងការបន្តការងារចិញ្ចឹមគ្រឿងសមុទ្រទាំងនោះ ដោយយកពេលមកស្វះស្វែងរកការអន្តរាគមន៍ ពីអាជ្ញាធរពាក់ព័ន្ធ និងមន្ទីរជំនាញ ក្រោយដីដែលពួកគាត់កំពុងអាស្រ័យផលនោះ ត្រូវបានរដ្ឋាភិបាលចេញសេចក្តីជូនដំណឹងសារជាថ្មី ប្រគល់ទៅឱ្យវិស័យឯកជន ក្នុងនោះពលរដ្ឋអះអាងថា បានជាន់លើដីអាស្រ័យផលពួកគាត់ប្រមាណ ៤ហិកតា។

 លោក មន កាន់ ជាពលរដ្ឋរស់នៅភូមិឃុំខាងលើ បានឱ្យដឹងថា ពេលនេះលោកហាក់ស្ទាក់ស្ទើរ ក្នុងការបន្តមុខរបរចិញ្ចឹមគ្រឿងសមុទ្រទាំងនេះ ដោយលោកបារម្ភថានឹងខាតបង់ ក្នុងករណីដែលដីដែលលោកអាស្រ័យផលសព្វថ្ងៃត្រូវបានអ្នកដទៃយកទៅគ្រប់គ្រង ឬដកហូត។

 លោកបានបញ្ជាក់ឱ្យដឹងថា ដីទាំងនេះជាកេរ្តិ៍ដែលបន្សល់ទុកតាំងពីពុកម្តាយរបស់លោកទុកឱ្យនៅអំឡុងឆ្នាំ១៩៨០ សម្រាប់បងប្អូនលោក ដាំដុះ ដោយខាងលើធ្វើស្រួវ ខាងក្រោមដាំដូង និងចិញ្ចឹមក្តាមថ្ម បង្គារ ត្រី ជាដើម។

 ប្រជាពលរដ្ឋមួយរូបទៀតមានឈ្មោះ សៅ បានប្រាប់ឱ្យដឹងដែរថា លើកមុនលោកទម្លាក់កូនក្តាមថ្ម ចន្លោះពី៥ពាន់កូន ទៅ៦ពាន់កូន ហើយក៏បានផលណាស់ដែរ រីឯតម្លៃវិញក៏ល្អ ហើយមិនខ្វះអ្នកចាំទិញនោះទេ ក្នុងអំឡុងខែនេះជាពេលដែលត្រូវដាក់កូនក្តាមថ្ម ចូលស្រែចិញ្ចឹមហើយ រយៈពេល៦ខែក្រោយអាចប្រមូលផលពីក្តាមថ្មនោះវិញ។

 តែលោក​ និងពលរដ្ឋផ្សេងទៀត នៅមិនហ៊ានចំណាយលុយកាក់ធ្វើនៅឡើយ រង់ចាំការសម្រេចពីអាជ្ញាធរពាក់ព័ន្ធ រឿងដីស.ជ.ណ ជាពីលើដីពួកគាត់។

 ប្រជាពលរដ្ឋសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ជួយរកដំណោះស្រាយដល់ពួកគាត់ឱ្យបានឆាប់ផងចុះ។

 លោក សុទ្ធពុទ្ធិ ម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានប្រាប់ឱ្យដឹងដែរថា លោកបានរាយការណ៍ជូនថ្នាក់លើរួចរាលអស់ទៅហើយ ហើយថ្នាក់លើបានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះចូលកាន់កាប់បំពាននៅក្នុងសណ្ដប់របស់ ស.ជ.ណ ស្របច្បាប់របស់គេក្នុងនោះលោកក៏បានចេញប្លង់កម្មសិទ្ធិជូនម្ចាស់គេរួចហើយ។

 លោកបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផល ពួកគាត់អាចអាស្រ័យផលបន្តសិនចុះ។

 សូមបញ្ជាក់ថា ស.ជ.ណ មួយបានចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ សម្រេចផ្តល់សិទ្ធិជាកម្មសិទ្ធិលើដីទំហំ១៤២ហិកតា ៩៨អា ស្ថិតនៅភូមិសាស្រ្តភូមិអង្កោល និងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ឲ្យឈ្មោះ ហ្សានីញេ រ៉ូស្សេល្វីស្សូសេហ្វ (ZANNIER ROGERLOUISJOSEFH) មានសញ្ជាតិខ្មែរដើមកំណើតស្វីស ដោយផ្តល់សុពលភាពឡើងវិញ នូវបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន៣២បណ្ណុ ដោយបណ្ណកម្មសិទ្ធិទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលនិរាករណ៍ចោលកាលពីឆ្នាំ២០១៦។

 ក្នុងនោះមាន១០បណ្ណស្ថិតនៅភូមិទូលសាងាំ ប៉ះលើដីដែលពលរដ្ឋកំពុងធ្វើស្រែចិញ្ចឹមក្តាម បង្គា ដំណាំដូង ជាដើម។

 ក្នុងនោះដែរ កាលពីថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣កន្លងទៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ធ្វើការចុះបញ្ជីតាមនិយាមការដែលធ្លាប់បានចេញបណ្ណ និងតាមការសម្រេចរបស់រាជរដ្ឋាភិបាល (ស.ជ.ណ ៣២បណ្ណ)។      ផលប៉ះពាល់ផ្សេងៗ ឬការចូលមករំលោភលើដីកម្មសិទ្ធិចាត់ទុកជាអំពើខុសច្បាប់។

(សឹង រ៉ាត់)