2023-08-17 11:08
146

 

កំពង់ស្ពឺ៖ នេះបើតាមបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
    រោងចក្រសហគ្រាសតូច ធំមកពីប្រទេសចិន នឹងបើកដំណើរចង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងភូមិសាស្ត្រនៃខេត្តកំពង់ស្ពឺ ក្នុងអំឡុងដើមឆ្នាំ២០២៤ខាងមុខនេះ ដែលស្រូបយកកម្លាំងពលកម្មសរុបប្រមាណ ៥ម៉ឺនកន្លែង។
    ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា «តាមរយៈដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តកំពង់ស្ពឺ នៅចុងឆ្នាំ២០២៣ ឬយ៉ាងយូរដើមឆ្នាំ២០២៤ រោងចក្រចំនួន ២៥ នឹងបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ ដែលរោងចក្រទាំងនោះតម្រូវការកម្មករ-កម្មការិនី ប្រមាណ ២៣ ០០០ (ពីរម៉ឺនបីពាន់ ) នាក់ លើតម្រូវការសរុបប្រមាណជាង ៥០ ០០០កន្លែង»។
   យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា នៅខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនូន ៣៨៥ មានកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ១៩១ មានកម្មករនិយោជិតសរុបជិត ១៥ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕