2024-01-10 03:01
77

(កំពង់ធំ)៖    នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវប្រជាពលរដ្ឋសិស្សានុសិស្ស ចូលរួមកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសុខភាពយើងទាំងអស់គ្នា។

លោក ជា វ៉ាន់ចាន់ បានថ្លែងបែបនេះ ក្នុងយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ប្លាស្ទិក» ជូនដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងសមាជិក-សមាជិកា សហភាពសហព័ន្ធយុវជនក្រុងស្ទឹងសែន និងមន្ទីរវិស័យជុំវិញខេត្ត នៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន អាចារ្យលាក់ ជិត១៥០០នាក់ ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។

លោកអភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តបានចុះអនុស្សារណៈយោគយល់ រវាងក្រសួងបរិស្ថាន ស្តីពីយុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ពិតណាស់នាពេលបច្ចុប្បន្នប្រទេសជាច្រើន នៅលើសកលលោកកំពុងតែប្រឈមយ៉ាងខ្លាំង ជាមួយបញ្ហាបរិស្ថាន ជាពិសេសសំណល់ប្លាស្ទិក ដែលបានបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោក សង្គមជាតិ គ្រួសារ និងកូនចៅជំនាន់ក្រោយ។

លោកថា ជាក់ស្តែងការប្រើប្រាស់សម្ភារៈ ម្ហូបអាហារ និងផលិតផលផ្សេងៗ បានបន្សល់នូវកាកសំណល់យ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងមានកើនឡើងគួរឲ្យកត់សម្គាល់ ដោយអត្រាកំណើនតម្រូវការ របស់ប្រជាជន កាន់តែច្រើនឡើង ហើយការទុកដាក់ និងវេចខ្ចប់កាកសំណល់សំរាមថង់ប្លាស្ទិក ពុំបានត្រឹមត្រូវល្អ។

លោកបន្តថា ស្ថិតក្នុងបញ្ហាប្រឈមខាងលើ ក្នុងនាមថ្នាក់ដឹកនាំខេត្ត បាននិងកំពុងបន្តធ្វើការផ្សព្វផ្សាយដល់មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ឲ្យចូលរួមខិតខំថែរក្សាអនាម័យ សម្អាតបរិស្ថានជាប្រចាំ និងរក្សាសោភ័ណភាពបរិស្ថានបន្ថែមទៀត តាមរយៈការចូល រួមទាំងអស់គ្នា ជាពិសេសត្រូវខិតខំសិក្សាស្វែងយល់ ពីផលប៉ះពាល់ដែលកើត មកពីថង់ប្លាស្ទិកដែលកំពុងនិយមប្រើប្រាស់ជាប្រចាំ ដោយរួមគ្នាខិតខំដោះស្រាយបញ្ហាសំណល់ប្លាស្ទិក សំដៅធ្វើឲ្យការប្រើប្រាស់ប្លាស្ទិក ត្រូវបានកាត់បន្ថយមកតិចបំផុត តាមដែលអាចធ្វើបាន។ ជាពិសេសរដ្ឋបាលខេត្តមានទីលានគ្រប់គ្រងសំរាមត្រឹមត្រូវ ដែលកំពុងដំណើរការទុកដាក់សំរាមបានយ៉ាងល្អ មិនបង្កផលប៉ះពាល់ដល់បរិស្ថានទៀតនោះទេ។

លោក ជា វ៉ាន់ចាន់ បានបញ្ជាក់ថា យុទ្ធនាការដែលបានរៀបចំក្នុងថ្ងៃនេះ គឺជាការបំផុសស្មារតីរបស់សាធារណជន ពិសេសស្រទាប់យុវជន ឲ្យយល់ដឹងអំពីផលប៉ះពាល់នៃសំណល់សំរាម ជាពិសេសគឺសំណល់ប្លាស្ទិក ដែលបង្ករគ្រោះថ្នាក់បំផុតដល់សុខភាពមនុស្ស និងគុណភាពបរិស្ថាន និងជាឱកាសក្នុងការឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់ របស់ប្រជាជនទាំងអស់គ្នា ក៏ដូចជាប្រជាជនលើសកលលោក ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណ ភាពបរិស្ថាន ភពផែនដីឲ្យឈានឆ្ពោះទៅរក្សានិរន្តរភាព និងភាពស្រស់បំព្រងសម្រាប់មនុស្សបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗ៕