2023-07-12 10:07
294


កំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានព្រមានថានឹងចាត់វិធានការក្តៅចំពោះក្រុមជនល្មើសដែលឈ្លាតឱកាសធ្វើសកម្មភាពឈូសឆាយ រំលោភយកដីព្រៃលិចទឹក ក្នុងតំបន់៣ ខណៈអាជ្ញាធរកំពុងជាប់រវុលយ៉ាងមមាញឹក ក្នុងកិច្ចការងារបោះឆ្នោត។


   វិធានការក្តៅរបស់អភិបាលខេត្តកំពង់ឆ្នាំង ធ្វើឡើងបន្ទាប់ពីមានទទួលបានរបាយការណ៍ កើតមានករណីក្រុមឈ្លាតឱកាសបានធ្វើសកម្មភាពទន្ទ្រាឈូសឆាយ រំលោភយកដីព្រៃលិចទឹក ក្នុងតំបន់៣ យ៉ាងអនាធិបតេយ្យ នៅចំណុចយាយសុខ ,ចុងតាកឹង ,កំពុងអាឡង់ និងស្របតាមព្រែកសាយជាដើម។
   តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បទល្មើសឈូសឆាយដីតំបន់៣ រាប់រយហិចតាដែលបានដករហូតកន្លងមក និងមិនមានគម្រោងកាត់ឈ្វាលជូនប្រជាលរដ្ឋវិញ នៅ    ក្នុងឃុំច្រណូក ស្រុកកំពង់លែង កំពុងទទួលរងការរំលោភយ៉ាងគគ្រឹកគ្រេង ពេលនេះអភិបាលខេត្តបានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យវាស់វែង និងចំណាត់ការតាមផ្លូវច្បាប់ ស្របតាមបទបញ្ជារដ៏ខ្ពង់ខ្ពស់ និងម៉ឺងម៉ាត់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ចំណុចដីព្រៃលិចទឹកក្នុងតំបន់៣ ដែលទទួលរងការទន្ទ្រានឈូសឆាយ រួមមាន៖
   ១- ចំណុចយាយភាជ ត្រូវបាមសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលបានចុះទៅវាស់វែងរួចហើយ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ មានការឈូសឆាយជាង ៥២ហិកតា។ 
   ២- ចំណុចខ្លាខាំគោ ឃើញមានការឈូសឆាយដីតំបន់៣ រាប់រយហិចតា។ 
   ៣- ចំណុចបាយឆៅ ឃើញមានការឈូសឆាយដីតំបន់ ៣ រាប់រយហិចតា។
   ៤- ចំណុចបឹងចារៀក ក៏មានការឈូសឆាយរាប់រយហិចតាផងដែរ។ 
   លោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅល្ងាចថ្ងៃទី១១ ខែកក្កដានេះ លោកបានភ្ញាក់ផ្អើល និងសំដែងការជាហួសចិត្តថា “មន្ត្រីជំនាញរបស់លោករាល់ថ្ងៃគេធ្វើការអី? ធ្វើការយ៉ាងម៉េច? បានជាឱ្យមានបទល្មើសឈូសឆាយដីតំបន់៣ កើតឡើងបែបនេះតែមិនដឹងស្អី!។ ករណីនេះលោកនឹងធ្វើការស្រាវជ្រាវរកមើលថា តើមន្ត្រីរបស់លោកអ្នកណាខ្លះជាអ្នកពាក់ព័ន្ធជាមួយបទល្មើសនេះផងដែរ”។
   លោក ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា “ករណីខាងលើនេះលោកបានដឹងខ្លះហើយ ក្នុងនោះកាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ លោកបានកោះប្រជុំបន្ទាន់មួយ និងបានដាក់បញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់លែង ក្នុងរយៈពេល ៣ថ្ងៃ ត្រូវចុះពិនិត្យវាស់វែងប្រមូលទិន្នន័យឲ្យបានច្បាស់លាស់អំពីដីតំបន់៣ ដែលត្រូវជនល្មើសលួចឈូសឆាយនៅតំបន់៣ ដើម្បីចំណាត់ការជនល្មើស និងអ្នកពាក់ព័ន្ធតាមផ្លូវច្បាប់ដោយគ្មានការលើកលែងនោះឡើយ”៕