2023-05-03 09:05
376

កែប៖ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នេះលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះសហការដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ លើប្រភេទកីឡា "ទ្រីយ៉ាត្លុង" ខាងមុខនេះ។ 

លោកអភិបាលខេត្ត បានលើកឡើងទៀតថា ដើម្បីកុំឱ្យមានបង្កាហានិភ័យណាមួយកើតឡើងដោយចៃដន្យប្រការណាមួយ ចំពោះក្រុមកីឡាករ ដែលត្រូវធ្វើការប្រកួតកីឡា "ទ្រីយ៉ាងត្លុង" នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលំនៅដ្ឋានអមសងខាងផ្លូវដែលក្រុមកីឡាត្រូវធ្វើការប្រកួត ត្រូវគ្រប់គ្រងសត្វចិញ្ចឹមឲ្យបានល្អ កុំឲ្យមានការរត់ឆ្លងកាត់ផ្តេសផ្តាស់ ដើម្បីបញ្ជៀសករណីគ្រោះថ្នាក់កើតមានឡើងដោយប្រការណាមួយទៅក្រុមកីឡា។  
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ការគ្រប់គ្រងលើបញ្ហាអនាម័យ ជាពិសេសកាក់សំណល់ផ្លាស្ទិកអាជ្ញាធរក្រុងកែប ត្រូវធ្វើយ៉ាងណាឲ្យមានបរិស្ថានសោភ័ណភាព កុំឲ្យមានសំរាមនៅរាយប៉ាយតាមនៅតាមដងវិថីនានាក្នុងក្រុងកែប បន្ថែមពីនោះត្រូវធ្វើការហាមឃាត់មិនឲ្យមានរថយន្តដឹកដី ធ្វើអាជីវកម្មក្នុងរយៈពេលនៃថ្ងៃប្រកួតសុីហ្គេមនេះ ក៏ដូចគ្នានោះដែរត្រូវឲ្យផ្អាករាល់ការដ្ឋានណាដែលមិនមានរបៀបរៀបរយជាដើម។ 

លោកអភិបាលខេត្តកែប បានសង្កត់ធ្ងន់ៗថា ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវរួមគ្នាធ្វើយ៉ាងសម្រេចឲ្យបានជោគជ័យ នៅលើការៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះនៅខេត្តកែប ដើម្បីលើកមុខមាត់ប្រទេសជាតិយើងលើឆាកអន្តរជាតិ។  

ដូចគ្នានេះដែរ លោក ងិន សុខបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម ទ្រីយ៉ាត្លុង លើកនេះ ជាមុខមាត់របស់ប្រទេសកម្ពុជា សន្តិសុខសុវត្ថិភាពរបស់ប្រតិភូ និងកីឡាករជារឿងដែលយើងត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់។ 

ក្នុងនោះលោកក៏រំពឹងខ្ពស់ថា ក្រុមកីឡាករជម្រើសជាតិរបស់យើង នឹងយកបាននូវមេដាយ ជូនប្រទេសជាតិរបស់ខ្លួន។  

ជុំវិញបញ្ហាទាំងនេះ លោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ជាក់ថា កន្លងមករដ្ឋបាលក្រុងកែបបានចុះណែនាំប្រជាពលរដ្ឋ ជាច្រើនលើកច្រើនសារមកហើយដែរ ក្នុងនោះមានការដាក់ចេញនូវវិធានការនានា ដើម្បីធានាឱ្យមានភាពល្អប្រសើរលើបញ្ហាសំរាមនេះ ក្នុងនោះណែនាំប្រជាពលរដ្ឋ ពីការគ្រប់គ្រងសត្វពាហនៈរបស់ខ្លួន ជាមួយគ្នានេះអាជ្ញាធរក្រុង ក៏បានបំផុសចលនាមហាជនក្នុងចូលរួមអបអរសាទរ ជាមួយព្រឹត្តិការណ៍ក៏សំខាន់នេះ។  

គួរបញ្ជាក់ដែរថា ការប្រកួតប្រភេទកីឡាទ្រីយ៉ាងត្លុង (ហែលទឹក ជិះកង់ រត់) លើ៧វិញ្ញាសារ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងក្នុងខេត្តកែប ដែលដំណើរការប្រកួតនឹងចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ៕ ដោយ៖សឹង រ៉ាត់