2024-03-23 04:03
36

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីអបអរសាទរ ខួបទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៅទីស្ដីការក្រសួងកិច្ចការនារី កាលពីថ្ងៃ២២ ខែមីនា ឆ្នាំ២០២៤ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ បាននាំមកនូវភាពរីកចម្រើនជូនស្រ្តីនៅកម្ពុជា។សម្ដេចកិត្តិសង្គហបណ្ឌិត បានលើកឡើងទៀតថា ដោយសារម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព បានបង្កើតស្ថានភាពអំណោយផល ធ្វើឲ្យប្រទេសជាតិមានកិច្ចអភិវឌ្ឍ និងភាពរីកចម្រើន ដែលអនុញ្ញាត ឲ្យរាជរដ្ឋាភិបាល បានពង្រីកការវិនិយោគជាបន្តបន្ទាប់លើការអភិវឌ្ឍសង្គម និងអនុវត្តកម្មវិធីនយោបាយឆ្លើយតបនឹងយេនឌ័រ និងការពារសិទ្ធិមនុស្ស សិទ្ធិស្រ្តីឲ្យបានកាន់តែទូលំទូលាយថែមទៀតផង។
    សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ កម្ពុជាបានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រីគ្រប់រូប។សម្រាប់ឆ្នាំ២០២៤នេះ គឺជាការរំលឹកខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ជាមួយគ្នានោះក្រសួងកិច្ចការនារី បានជ្រើសរើសយកមូលបទ «ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្ម ឌីជីថល» ក្នុងគោលបំណងរំលេចនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីនៅក្នុង វិស័យឌីជីថលដែលឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខ័ណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រីជាដើម ។
   នៅក្នុងឪកាសនោះដែរលោជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានឲ្យដឹងថា រាជរដ្ឋាភិបាល បានបន្តកំណត់លើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រី នៅគ្រប់វិស័យ ជាអាទិភាព ក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រ្តី គឺជាស្នូល»។
បន្ថែមពីនោះលោកជំទាវរដ្ឋមន្រ្តីក៏បានបញ្ជាក់ឲ្យដឹងដែរថា រាជរដ្ឋាភិបាល បានបង្កើត           គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកំពុងរៀបចំផែន ការសកម្មភាព    ព្រមទាំងយន្តការប្រមូលទិន្នន័យ មុននឹងឈានដល់ការអភិវឌ្ឍប្រព័ន្ធចុះឈ្មោះ នាពេលខាងមុខ ដើម្បីកំណត់នូវគោលដៅច្បាស់លាស់សម្រាប់ការទទួលបានជំនួយជាក់ស្តែងពីរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់ស្រ្តី និងបងប្អូនដែលកំពុងប្រកបការងារក្នុងវិស័យក្រៅប្រព័ន្ធ នៅក្នុងផ្នែកសេវាកំសាន្ត ជាពិសេសលើការគាំទ្រផ្នែកសុខភាព, កិច្ចគាំពារសង្គម ការអភិវឌ្ឍជំនាញ ការលើកកម្ពស់សិទ្ធិ និងសុវត្ថិភាពនៅកន្លែងការងារជាដើម។