2023-09-27 11:09
157

នៅព្រឹកថ្ងៃអង្គារ១២កើតខែភទ្របទឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៣ នៅសាលប្រជុំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញាលើកទិសដៅខែតុលាឆ្នាំ២០២៣ ផ្សព្វផ្សាយផែនការការពារការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនិងផែនការការពារបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៣របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ 

ចូលរួមក្នុងកិច្ចប្រជុំមានលោក លោកស្រីស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក អធិការនគរបាលក្រុង ស្រុកនិងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រើនរូប។ 

មានប្រសាសន៍ក្នុងអង្គប្រជុំលោកឧត្តមសេនីយ៍ទោ ស្នងការស្នើឱ្យអង្គភាពជំនាញចំណុះស្នងការដ្ឋាន ធ្វើការពិនិត្យលើផ្លូវច្បាប់ចំពោះអង្គភាពសារព័ត៌មានណាដែលបានផ្សព្វផ្សាយនូវព័ត៌មានមិនពិតហើយមិនព្រមកែតម្រូវឡើងវិញ ក្រោយពីទទួលនូវការបកស្រាយបំភ្លឺឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតនោះរួចហើយ ។  វិធានការរបស់លោកស្នងការដូច្នេះបន្ទាប់ពីបានឃើញនូវភាពដដែលៗនៃ អង្គភាពសារព័ត៌មានមួយចំនួនតូច ដែលតែងតែយករូបភាពរបស់ថ្នាក់ដឹកនាំឬយករូបភាពចាស់ៗពីមុនមកភ្ជាប់ជាមួយនឹងខ្លឹមសារដែលផ្ទុយពីអ្វីដែលជាការពិត គ្មានមូលដ្ឋាន ច្បាស់លាស់ត្រឹមត្រូវ ហើយនៅពេលធ្វើការសាកសួរបញ្ជាក់ទៅ អង្គភាពផ្សព្វផ្សាយនេះតែងតែឆ្លើយថា ឃើញគេផ្សាយក៏យកពីគេមកផ្សាយបន្តដែរ ដែលទីបំផុតទៅសុទ្ធតែព័ត៌មានមិនមានប្រភព ច្បាស់លាស់ ពិតប្រាកដ ។ 

ករណីទាំងនេះនៅពេលទទួលបាននូវការបំភ្លឺបកស្រាយរួចហើយថានោះគឺជាព័ត៌មានមិនពិតយ៉ាងណាក្តីក៏អង្គភាពសារព័ត៌មានទាំងនោះ មិនព្រមធ្វើការកែតម្រូវឡើងវិញដែរ ឬពេលខ្លះមិនព្រមទទួលទូរស័ព្ទដើម្បីធ្វើការបំភ្លឺទៀតផង។ 

ដូច្នេះចាប់ពីពេលនេះតទៅក្នុងករណីអង្គភាពសារព័ត៌មានដែលមានសកម្មភាពដូចខាងលើស្នើអង្គភាពជំនាញរបស់ស្នងការដ្ឋានពិនិត្យផ្លូវច្បាប់ គប្បីគោរពជូនទៅក្រសួងព័ត៌មានដើម្បីមានវិធានការចំពោះអង្គភាពសារព័ត៌មាននោះឬដាក់ជូនទៅស្ថាប័នតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់តែម្តង៕