2023-03-22 03:03
503

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីបញ្ជាលើកដងបាញ់ចំណីសត្វមិនប្រយ័ត្នប៉ះជាមួយខ្សែភ្លើងបណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់។ ហេតុការណ៍នេះបានកើតឡើងនៅចំណុច​ក្បែរ​ស្ពានអូរក្រាំងអំបិល តាមបណ្តោយផ្លូវជាតិ​លេខ​៤​ ត្រង់ចន្លោះបង្គោលគីឡូ​ម៉ែត្រលេ​ខ​ ៣៨-៣៩​ស្ថិតក្នុងភូមិស្លា​ ឃុំវល្លិ.ស​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ កាលពីព្រឹកម៉ោង​ ១០៖១២នាទី​ថ្ងៃទី១៦ខែមីនាឆ្នាំ២០២៣។

    លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុន សំអន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរតៃកុងរថយន្តដឹកចំណីសត្វ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

   មុនកើតហេតុជនរងគ្រោះបានបើកបររថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ3F-6101ដឹកស៊ីទែនចំណីសត្វដោយបើកបរពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុខាងលើ

ស្រាប់តែរថយន្តបានបែកកង់ ហើយជនរងគ្រោះបានបើករថយន្តអែបខាងស្តាំជាប់ចិញ្ចើមផ្លូវដើម្បីហៅអ្នកប៉ះកង់រថយន្តចល័តមកប៉ះ ពេលមកដល់ម្ចាស់​រថយន្ត​បានហៅឱ្យជួយបាញ់ចំណីសត្វ។

    លោកបានបន្តទៀតថា ពេលនោះជនរងគ្រោះបានបញ្ជាដង​យោងសម្រាប់បាញ់ចំណីសត្វ​ ពេលកំពុង​តែបញ្ជា​បំពង់ដងបាញ់ចំណីសត្វ​ ដោយមិនបានប្រយ័ត្ននិងច្បា​ស់លាស់លើចំណុចខ្សែភ្លើង ​បណ្ដាលឱ្យ​ប៉ះជាមួយ​ដងចុងបូមបាញ់ចំណីសត្វ​ ឆ្លងចរន្ដអគ្គិសនី​ឆក់និងស្លាប់ភ្លា​មៗតែម្ដង​ទៅ។  ក្រោយកើតហេតុមន្ត្រីជំនាញព្រមទាំងក្រុមគ្រូពេទ្យបានមកពិនិត្យសពជនរងគ្រោះឃើញថាពិតជាបានស្លាប់ដោយសារត្រូវចរន្តអគ្គិសនីឆក់មែនព្រមទាំងបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕