2024-02-06 11:02
65

ព្រះវិហារ៖ ករណីលោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធករណីរថយន្តរបស់លោកត្រូវបាននគរបាលចាប់ផាកពិន័យដោយល្មើសច្បាប់ចរាចរណ៍ផ្លូវគោកលើសល្បឿនកំណត់ និងបំពាក់ភ្លើងខុសបច្ចេកទេសពេលនេះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចេញមកបញ្ជាក់ និងបកស្រាយ ដើម្បីឲ្យមហាជនបានជ្រាបអំពីរឿងហេតុនេះ។

អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបញ្ជក់ថា៖ នីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ កម្លាំងនគរបាលចរាចរណ៍មួយក្រុម ចំនួន ១២នាក់ ដឹកនាំដោយលោកវសេនីយ៍ទោ គាំ សុកុល នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក លើផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រ (៦៥-៦៦) នៅត្រង់ចំណុចផ្លាកកំណត់ល្បឿន ៦០Km/h ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ 

លុះនៅម៉ោង ១០និង៣០នាទី នាថ្ងៃខែឆ្នាំដដែរ កម្លាំងនគរបាលចរាចរណ៍ បានឃាត់រថយន្ត ០១គ្រឿង ម៉ាកតូយូតា ធុនដ្រា (TOYOTA TUNDRA) ពណ៌ក្រហម ក្រម៉ៅ ពាក់ស្លាកលេខ ភ្នំពេញ 2AK-1699 បើកបរលើសល្បឿនកំណត់ ៨៤Km/hលើ ៦០Km/h ហើយមានបំពាក់ភ្លើងបន្ថែមខុសលក្ខណៈបច្ចេកទេស ១ខ្សែនៅលើស្លាកលេខ។ 

ក្រោយពីកម្លាំងជំនាញបានពន្យល់ណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវគោករួចមកអ្នកបើកបរក៏យល់ព្រមទទួលស្គាល់កំហុស និងឱ្យកម្លាំងជំនាញធ្វើការផាកពិន័យទៅតាមច្បាប់កំណត់។ រីឯភ្លើងដែលបំពាក់បន្ថែម កម្លាំងជំនាញបានធ្វើកិច្ចសន្យាឱ្យទៅដោះខ្លួនឯង។

នៅថ្ងៃទី០៥ ខែកុម្ភៈ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ហាក់មិនអស់ចិត្ត ក៏បានសរសេររបង្ហោះលើបណ្តាញសង្គមរបៀបដៀមដាមលើនគរបាលចរាចរណ៍ខេត្តព្រះវិហារថា៖ បើបុគ្គលិកក្រុមហ៊ុន ឧស្សាហ៍ ដូចបងៗចរាចរណ៍ព្រះវិហារ មិនដឹងម្ចាស់ក្រុមហ៊ុនសប្បាយចិត្តយ៉ាងណាទេ? 

-ដល់ថ្ងៃច័ន្ទហើយនៅសុំយឺតកន្លះម៉ោង  
-ចរារចរណ៍ ចូលមុនម៉ោង ចេញក្រោយម៉ោង សូម្បីតែម៉ោងបាយមិនចង់សម្រាកផង រកវិធីសាស្រ្ត កែឆ្នៃអោយមានចំណូលខ្ពស់ (អោយតែឧស្សាហ៍បែបនេះ មកធ្វើការជាមួយខ្ញុំ ប្រាក់ខែ គុណ២)។

សូមជម្រាបថា ថ្មីៗនេះលោកឧកញ៉ា ភិរម្យ វិត្រដារ៉ា ដែលអ្នកជំនាញលើវិស័យដីធ្លី និងអចលនទ្រព្យ បានធ្វើការឡាយវីដេអូប្រមាណ ៧និង២១វិនាទី និយាយអំពីការចាប់ល្បឿនរបស់នគរបាលចរាចរណ៍ និងបានស្វែងរកកំហុសផ្សេងៗដើម្បីអនុវត្តក្នុងនោះនគរបាលជំនាញបានរកឃើញថា រថយន្តរបស់លោកឧកញ៉ាមានបំពាក់ភ្លើងបំភ្លឺខុសលក្ខលៈបច្ចេកទេសដូច្នេះនគរបាលតម្រូវឲ្យដោះចេញ ទើបមានការជជែកវែកញែកមួយម៉ាត់ពីរ។

ជុំវិញករណីនេះ អ្នកបើកបររថយន្តលោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានទទួលកំហុសឲ្យមន្ត្រីនគរបាលចរាចរណ៍ដែលជាអ្នកអនុវត្តច្បាប់ផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកក្នុងករណីបើកបរលើសល្បឿនកំណត់ នូវទឹកប្រាក់ ១៥ម៉ឺនរៀលមានវិក័យបត្រត្រឹមត្រូវ និងបានធ្វើកិច្ចសន្យាដោះភ្លើងបំភ្លឺដែលបំពាក់ខុសបច្ចេកទេសចេញដោយខ្លួនឯងផងដែរ។ 

ប៉ុន្តែអ្វីដែលផ្ទុះការចាប់អារម្មណ៍ពីមហាជននោះ ដោយសារវីដេអូរបស់លោកមានអ្នកចូលមើលច្រើន បើគិតត្រឹមព្រឹកថ្ងៃទី០៦ ខែកុម្ភៈនេះ មានអ្នកចូលទស្សនារហូតជាង ២,៣លានដងឯណោះ៕