2023-10-04 02:10
217

ភ្នំពេញ៖  រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុម ប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា នៅរសៀលថ្ងៃអង្គារទី៣ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីត្រៀមរៀបចំអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

អង្គប្រជុំដែលមានអ្នកជំនាញពាក់ព័ន្ធក្នុងវិស័យពិការភាពបានជជែកនិងសម្រេចយកប្រធានបទសម្រាប់ទិវាជនមានពិការភាពឆ្នាំ២០២៣ គឺ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌”។ ដោយឡែកអង្គប្រជុំក៏បានសម្រេចយកទិសស្លោកចំនួន ៥ដើម្បីសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាលដើម្បីចេញសារាចរណែនាំពីរាជរដ្ឋាភិបាលជាផ្លូវការនាពេលខាងមុខនេះ។

បើតាមការគ្រោងទុក ទិវាជនមានពិការភាព ឆ្នាំ២០២៣នេះគ្រោងនឹងរៀបចំនៅសាលសន្និបាតកោះពេជ្រដែលនឹងមានការអញ្ជើញចូលរួមពីប្រមុខរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា អង្គទូតនានាប្រចាំនៅព្រះរាជាណាចកម្ពុជា អង្គការដៃគូអភិវឌ្ឍន៍ និងជនមានពិការភាព សរុបប្រមាណ ៣ ៥០០នាក់៕