2023-08-16 05:08
147

 

កក្រក ៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថសីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខា ធិការ កាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល និងប្រគល់រថយន្តពិនិត្យសុខភាពចល័ត ម៉ូតូអគិ្គសនី និងអាល់កុល ជូនដល់សាខាកាកបាទក្រហមចំនួន១២ សម្រាប់បម្រើដល់ការងារ មនុស្សធម៌ នៅតាមសហគមន៍។ 

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរចំពោះសាខាកាកបាទក្រហមកម្ពុជាទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយតម្លាភាព និងគណនេយ្យភាព ដើម្បីទទួលបានការជឿទុកចិត្ត និងទាក់ទាញការគាំទ្រ ពីសប្បុរសជនទាំងផ្លូវចិត្ត និងថវិកា សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ឱ្យទទួលបានភាពកក់ក្តៅ ដោយមិនពឹងទាំងស្រុង មកថ្នាក់កណ្តាល ព្រោះសាខានីមួយៗមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ជួយសហគមន៍របស់ខ្លួន។

ជាមួយគ្នានេះដែរ លោកជំទាវអគ្គលេខាធិការ បានឱ្យដឹងថា ដើម្បីឲ្យសាខាទាំងអស់បំពេញការងារមនុស្សធម៌កាន់តែល្អប្រសើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចដ៏ខ្ពង់ខ្ពស់បែងចែករថយន្តពិនិត្យសុខភាពចល័តទាំងនេះ ជូនទៅដល់ សាខាចំនួន១២ ដើម្បីបម្រើក្នុងសកម្មភាពមនុស្សធម៌ក្នុងនោះរួមមាន សាខាខេត្តរតនៈគិរីទទួលបាន២គ្រឿង ក្រចេះ២គ្រឿង មណ្ឌលគិរី១គ្រឿង ព្រះវិហារ១គ្រឿង ស្ទឹងត្រែង១គ្រឿង ប៉ៃលិនរថយន្តមួយ១គ្រឿង និងម៉ូតូអាគុយ២គ្រឿង បន្ទាយមាន ជ័យ១គ្រឿង កំពង់ធំ១គ្រឿង កំពង់ឆ្នាំង១គ្រឿង ត្បូងឃ្មុំ១គ្រឿង កំពង់ស្ពឺ១គ្រឿង និងកោះកុង១គ្រឿង។

លោកជំទាវបញ្ជាក់ថា អំណោយរថយន្តទាំងនេះ គឺបានមកពីក្រុមហ៊ុន Thaco agriculture ដែលបានផ្តល់ជូនកាក  បាទក្រហមកម្ពុជា សម្រាប់ទុកជាមធ្យោបាយផ្សេងៗ ក្នុងសកម្មភាពការងារមនុស្សធម៌។ 

បន្ទាប់ពីទទួលបានរថយន្តទាំងនេះ តំណាងមកពីសាខាកាកបាទក្រហមទាំង១២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាកដោយបានផ្តល់នូវអំណោយជារថយន្តពិនិត្យសុខភាពចល័តនេះ សម្រាប់ ការងារមនុស្សធម៌ ដល់សាខាកាកបាទក្រហម នៅតាមបណ្តាលខេត្តនានា ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់៕