2024-02-16 04:02
71

ត្បូងឃ្មុំ ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តដឹកនាំក្រុមការងារគណៈកម្មការទប់ស្កាត់ការឈូសឆាយទន្រ្ទានដីព្រៃលិចទឹកចុះសួរសុខទុក្ខនិងនាំយកនូវស្បៀងអាហារ និងថវិកាមួយចំនួនទៅឧបត្ថម្ភ ដល់កងកម្លាំងចម្រុះ ដែលកំពុងឈរជើងការពារទប់ស្កាត់ការកាប់ទន្ទ្រានយកដីព្រៃលិចទឹកស្ថិតនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលដីព្រៃលិចទឹករួមនឹងផ្ទៃបឹងមានទំហំប្រមាណ ១៥០០ ហិចតា គ្របដណ្តប់លើ៩ឃុំ ក្នុងចំណោម១២ឃុំ នៃស្រុកក្រូចឆ្មារ  ខេត្តត្បូងឃ្មុំ ។

នាឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថាទោះបីជាទីតាំងទាំងនេះ មានភាពស្មុគស្មាញ និងមានការលំបាកយ៉ាងណាក្តីក៏កងកម្លាំងយើងនៅតែខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាទប់ស្កាត់ការពារតំបន់ទាំងនេះ ឲ្យនៅគង់យូរអង្វែងទុកសម្រាប់តកូនចៅជំនាន់ក្រោយ។ ពាក់ព័ន្ធនឹងដីអភិរក្សនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប រាជរដ្ឋាភិបាលធ្លាប់បានកាត់ឆ្វៀលជូនប្រជាពលរដ្ឋរួចរាល់ហើយ សម្រាប់កន្លែងដែលអាស្រ័យផលជាក់ស្តែង។ ប៉ុន្តែទន្ទឹមនិងនោះរាជរដ្ឋាភិបាល ក៏បានហាមដាច់ខាតមិនឱ្យមានការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកនៅក្នុងតំបន់ទាំងនោះបន្តទៀតឡើយ។ 

បន្ថែមពីនេះឯកឧត្តម ក៏បានសំណូមពរដល់អាជ្ញាធរ ក៏ដួចជាប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកនៅ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មានេះទាំងអស់គ្នា ដើម្បីអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានា ឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជាប្រយោជន៍សាធារណៈ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាល ក៏បានជំរុញដល់កម្លាំងចម្រុះទាំងអស់ ត្រូវចុះល្បាតជាប្រចាំ នៅតាមគោលដៅនីមួយៗ ធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹក តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ហើយបើមានការប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវតែចាប់ខ្លួនភ្លាមៗ និងបន្តស្រាវជ្រាវវែកមុខរកជនពាក់ព័ន្ធដទៃទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕