2024-01-14 02:01
78

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះ លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ  បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ពីបទៈ «រំលោភអំណាច» និងបទៈ «សម្អាតប្រាក់»។ 
    លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «តំណាងអយ្យការបានបេីកការស៊េីបសួរលេីឈ្មោះ ខេង យ័ន ភេទប្រុស រួចហើយពីបទៈ រំលោភអំណាច និង បទៈ សម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និង មាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។ 
    សូមរំឭកថា លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤និង៣០នាទីរសៀល និងបានកសាងសំណុំបញ្ជូនសំណុំរឿងទៅកាន់តុលាការកាលពីនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។ 
    កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប ដោយមូលហេតុ បានប្រើប្រាស់អំណាច នៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាច្រើន៕