2024-02-04 02:02
60

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា អ្នកប្រើប្រាស់បារីអេឡិចត្រូនិក ផលលិតផលស៊ីហ្សា និងផលិតផល ធេស ធី ភី គឺអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងៗទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបណ្តាញសារព័ត៌មាន msj tv ទទួលបាននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
   ក្រសួងសុខាភិបាល បានបញ្ជាក់ថា «កន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានហាមឃាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarette) ផលិតផលស៊ីហ្សា (SHISHA) និងផលិតផល អេចណ៍ ធី ភី (HTP-Heated Tobacco Product) ដោយហេតុផលថា ផលិតផលទាំងនេះបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត»។
   ក្រសួងសុខាភិបាលកម្ពុជា មានការព្រួយបារម្ភ ចំពោះផលិតផលបារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចល្ប៍ ធី ភី ភាគច្រើនមានរចនាបទយ៉ាងស្រស់ស្អាត មានភាពទាក់ទាញយុវវ័យក្នុងការសាកល្បងប្រើប្រាស់ ហើយមានជនឆ្លៀតឱកាសធ្វើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ស៊ីហ្សា និង ផលិតផល អេចណ៍ ធី ភី តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម ដូចជា Facebook, Instagram, TikTok ជាដើម ក្រោមខ្លឹមសារបំផ្លើសថាជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាង បារីធម្មតា ផ្ទុយទៅវិញ បារីអេឡិចត្រូនិក ស៊ីហ្សា និងផលិតផល អេចល្ប៍ ធី ភី ពិតជាមានផលប៉ះពាល់ ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម។
   ពាក់ព័ន្ធក្តីបារម្ភខាងលើនេះ ក្រសួងសុខាភិបាល សូមអំពាវនាវដល់យុវជន យុវនារី និងប្រជាជនទាំងអស់ សូមកុំសាកល្បង សូម្បីតែមួយដងនូវផលិតផលខាងលើនេះ និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិក ឬ ស៊ីហ្សា និង ផលិតផល អេចណ៍ ធី ភី ជាមធ្យោបាយផ្តាច់បារី។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តតាម ការណែនាំខាងលើនេះ ដើម្បីចៀសវាងនូវការញៀន ដែលធ្វើឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់សង្គម ដោយការប្រើប្រាស់បារី អេឡិចត្រូនិក ស៊ីហ្សា និងផលិតផល អេច ធី ភី៕