2023-10-23 05:10
278

(តាកែវ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រសួងកិច្ចការនារី សហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅសាលប្រជុំផែនការវិនិយោគខេត្តតាកែវ។

ពិធីប្រព្រឹត្តទៅក្រោមអធិបតីលោកស្រី គង់ សំអូន អនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារីឧត្តមសេនីយ៍ក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី គា សុភូ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមមកពីក្រសួងកិច្ចការនារី, លោកស្រីម៉ន រតនា មន្ទីរកិច្ចការនារីខេត្តតាកែវ និងតំណាងមន្ទីរកិច្ចការនារីខេត្តកោះកុង ព្រះសីហនុ ព្រះវិហារ តាកែវ កំពង់ធំ បន្ទាយមានជ័យ ស្វាយរៀង ព្រៃវែង និងខេត្តពោធិ៍សាត់។

ក្នុងនាមលោក អ៊ូច ភា អភិបាលខេត្ត ក្នុងឱកាសនោះ លោកស្រី គា សុភូ បានលើកឡើងពីការតួនាទីរបស់ស្រ្តីក្នុងការងារជួយសង្គម។
ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង បានលើកយកពីស្ថានភាពបញ្ហាគ្រឿងញៀនសាកល តំបន់ ដែលធ្វើកម្ពុជាបន្តរងគ្រោះ ដោយសារបញ្ហគ្រឿងញៀន។ ការចូលរួមរបស់ក្រសួងកិច្ចការនារីនាពេលកន្លងមកពិតជាបានចូលរួមចំណែកកាត់បន្ថយនូវតំរូវការគ្រឿងញៀននៅក្នុងសហគមន៍គ្រួសារ។
ក្នុងនាមលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្នុងឱកាសនោះផងដែរលោកស្រីគង់ សំអូន អនុរដ្ឋលេខាធិការ បានថ្លែងប្រាប់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកិច្ចការនារី តាមបណ្តាខេត្តយកទៅផ្សព្វផ្សាយបន្តនៅតាមភូមិគោលដៅឲ្យមានចំណេះដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។ យល់ដឹងពីតួនាទីស្រ្តីក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។ ពង្រឹងសមត្ថភាពផ្នែកច្បាប់ស្តីពីគ្រឿងញៀនទៅដល់មន្ត្រីកិច្ចការនារីខេត្ត ហើយវគ្គបណ្តុះបណ្តាល៣ថ្ងៃ ពីថ្ងៃទី២៣ ដល់២៥ ខែតុលា ឆ្នាំ២០២៣ នឹងបង្កើនបានធនធានបន្ថែមទៀត។

ជាមួយនេះ លោកស្រី គង់ សំអូន បានថ្លែងអំណរគុណដល់កិច្ចសហការជាមួយក្រសួងកិច្ចការនារី ពីក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងក្រោមជាតិ ក្នុងសកម្មភាពការងារជួយសង្គមនានា៕