2024-02-13 02:02
88

នៅក្នុងឪកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីព្រឹក ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៤ឯកឧត្តមគួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ  បានមានប្រសាសន៍ថាភូមិទាំង ១១១ នៅក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ បានប្រកាសជាតំបន់វិនិច្ឆ័យដីធ្លីលក្ខណជាប្រព័ន្ធរួចរាល់ហើយ និងត្រៀមចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋបញ្ចប់នៅត្រឹមខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ។

  ឯកឧត្តមអភិបាលខេត្តក៏បាន គូសបញ្ចាក់ឲ្យដឹងដែរថា ការចែកបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធ) ភូមិ១ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ នាពេលនេះគឺជាដំណើការនៃការចុះបញ្ជី ដីធ្លីលក្ខណជាប្រព័ន្ធ ព្រមទាំងបានកោតសរសើរមន្ត្រីសុរិយោដី និងអាជ្ញាធរមូលដ្ឋានដែលបានខិតខំ ជំរុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋរហូតឈានដល់ចែកប័ណ្ណកម្មសិទ្ធនាពេលនេះ ជាលទ្ធផលដែលប្រជាពលរដ្ឋរបស់យើងទន្ទឹងរង់ចាំបានមកដល់ហើយ។

ឯកឧត្តមបានបន្តថា សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជា ជនកម្ពុជា បានធ្វើការកាត់ឈ្វៀលដីតំបន់េនះជូនបងប្អូនបានកាន់កាប់ស្របច្បាប់ ថ្ងៃនេះយើងបានធ្វើការចែកបណ្ណជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីជាង ៨ ០០០ក្បាលដី ដោយ សារកន្លងមកភូមិសាស្ត្រនៅទីនេះមិនមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រទាក់ក្រឡា ក្រុមការងារបានរៀបចំផែនទីហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដើម្បីចុះបញ្ជីដីធ្លីនៅភូមិ១ និងភូមិ២ និងធ្វើការចែកនាពេលនេះ ក៏ប៉ុន្តែមានក្បាលដីជាង ៥០០ទៀតម្ចាស់មិនបានចូលរួមសហការជាមួយក្រុមការងារវាស់វែង ចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធនៅឡើយទេ ។

  ឯកឧត្តមបន្តទៀតថា ភូមិ១ ភូមិ២ គ្នានទេការផ្ទេរសិទ្ធបន្តទៀត គឺមានតែការលក់ផ្តាច់ ព្រោះបងប្អូនទទួលបានបណ្ណកម្មសិទ្ធរួចហើយ បន្ថែមពីនេះរដ្ឋបាលខេត្តបានដាក់ចេញនូវគោលការថ្មី នៅពេលប្រកាសតំបន់វិនិច្ឆ័យដីធ្លីនៅភូមិណា ត្រូវមានក្រុមការងារផ្នែក            បំរើសេវាសាធារណៈ ចុះអមជួយសម្រួលឯកសារបានទាន់ពេលវេលា ពិសេសមន្ត្រីរបស់យើងមានសមត្ថភាពក្នុងការជួយសម្របសម្រួលមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ផងដែរ។

ឯកឧត្តម អភិបាលខេត្តបានបញ្ចាក់ថា ខេត្តព្រះសីហនុ មានចំនួន  ១១១ភូមិ ស្មើនឹង ២៩ឃុំ សង្កាត់ យើងបានប្រកាសតំបន់វិនិច្ឆ័យដីធ្លីលក្ខណជាប្រព័ន្ធទាំង ១១១ភូមិរួចហើយ ថ្ងៃនេះយើងធ្វើការចែកបណ្ណភូមិ១ និងភូមិ២ ក្នុងសង្កាត់លេខ១  ហើយមានភូមិចំនួន ៧ទៀតនឹងចែកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត ដោយសារមន្ត្រីជំនាញរបស់យើងបានបញ្ចប់នីតិវិធីនៃការវាស់វែង ការបិទផ្សាយទិន្នន័យក្បាលដីជាបន្តបន្ទាប់ យើងសំអាតបានមួយភូមិ ចែកមួយភូមិ ហើយនៅសល់ភូមិ ១៣ផ្សេងទៀត ក្រុមមន្ត្រីយើងកំពុងជំរុញការវាស់វែង ដែលពួកគាត់បានប្តេជ្ញាថា នឹងត្រូវបញ្ចប់យ៉ាងយូរនៅខែឧសភា ២០២៤ នឹងឈានទៅចែក បណ្ណកម្មសិទ្ធគ្របដណ្តប់ទូទាំងខេត្តឲ្យគ្រប់ចំនួន ១១១        ភូមិតែម្តង។ រដ្ឋបាលខេត្តបានចែកបណ្ណជូនប្រជាពលរដ្ឋបានជាង ១២ម៉ឺនបណ្ណ ក្នុងចំណោម ១៥ម៉ឺនបណ្ណ ដែលយើងបានវាស់វែងរួច ក៏ប៉ុន្តែមានក្បាលដីជិត ២ម៉ឺនផ្សេងទៀតអត់ទាន់បានចែកជូននោះទេ មូលហេតុដោយសារ មានទំនាស់ព្រំដី ហើយក្បាលដីជិត ១ម៉ឺនទៀត មិនមានការសហការជាមួយក្រុមការងារ របស់យើងនោះទេ។
 ឆ្លៀតនៅ ក្នុងឪកាសនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវអប់រំកូន ចៅ ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍នោះក្នុងព្រះរាជាណាចក្រកម្ពុជា៕