2023-09-28 06:09
254

ភ្នំពេញ ៖ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន សុងការណ៍ មួយគ្រឿង បានបើកបុកជាមួយរថយន្ត ប៉ាហ្សេរ៉ូ ពីចំហៀងនៅត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនពេញទំហឹង បណ្ដាលឱ្យក្រឡាប់សង្កត់លើម៉ូតូធូដេមួយគ្រឿងដែលកំពុងចតនៅកែងភ្លើងស្តុបអូសជាច្រើនម៉ែត្រ និងបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង ២និង២៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួន តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ១០៨ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

  បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តប៉ាហ្សេរ៉ូ មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AM-4491ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៨ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើ ក៍មានរថយន្តមន្ទីរពេទ្យឯកជន សុងការណ៍មួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ2A-8564ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្ត ប៉ាហ្សេរ៉ូ ពីចំហៀងខាងស្តាំពេញទំហឹងបណ្ដាលឱ្យរថយន្តប៉ាហ្សេរ៉ូក្រឡាប់លើម៉ូតូធូដេមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ1A-7241ដែលកំពុងចតនៅលើចិញ្ចើមផ្លូវកែងភ្លើងស្តុបអូសជាច្រើនម៉ែត្របណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តមន្ទីរពេទ្យឯកជនមួយគ្រឿងទៀតដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះក៏មិនទាន់ដឹងថាភាគីខាងណាខុសភាគីខាងណាត្រូវនោះទេ ព្រោះភ្លើងស្តុបមានមានពណ៌ក្រហម ដោយមិនទាន់ដឹងភាគីខាងណាបើកបំពានភ្លើងស្តុបឡើយ។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះមកដល់បាននាំអ្នកបើកបរភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំបន្ត ចំណែករថយន្តទាំងពីរគ្រឿងនិងម៉ូតូមួយគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕