2023-10-21 03:10
290

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។ 

យោងតាមរបាយការណ៍របស់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញ បានសហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលំ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសលួចម៉ូតូ ប្រព្រឹត្តនៅចំណុចការដ្ឋានសំណង់ ផ្លូវលេខ៣៣៩ ក្រុម១៥ ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ហេង ជា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 
២-ឈ្មោះ ហួន ដា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខមណ្ឌលគីរី១A-៣១៦២ ចំនួន ០១ គ្រឿង, មួកសុវត្ថិភាព ពណ៌ ស ចំនួន ០១។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខបាត់ដំបង១AT-០៧៧២។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕