2024-03-22 08:03
34

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង១រសៀលថ្ងៃសុក្រទី២២ ខែមីនា ឆ្នាំ២០២៤នេះតទៅ នឹងចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៅរោងចក្រ Y & W ដោយធ្វើឡើងនៅសាលាខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ។
    បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានឱ្យដឹងថា មន្ត្រីទទួលបន្ទុកសម្របសម្រួលបើកប្រាក់ឈ្នួល និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំបិទបញ្ជីឈ្មោះ សណ្តាប់ធ្នាប់ និងរបៀបរៀបរយដើម្បីសម្រួលដល់កម្មករនិយោជិតបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗឱ្យបានរលូន។នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលតែងតែយកចិត្តទុកដាក់ដល់កម្មករនិយោជិត។
   បន្ថែមពីនេះ លោកអ្នកនាំពាក្យ ក៏បានអំពាវនាវសូមឱ្យបងប្អូនកម្មករនិយោជិតយកមកជាមួយនូវឯកសារដូចជាប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)សម្រាប់បើកប្រាក់ឈ្នួល៕