2023-04-30 11:04
453

កំពង់ធំ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំម្នាក់ ត្រូវបានប្រជាពលរដ្ឋជាម្ចាស់គោយន្តចោទប្រកាន់ថា បានព្រមទទួលយកសំណង ចំនួន៤លានរៀល ក្នុងករណីគោយន្តបត់ចូលផ្ទះប៉ះជាមួយរថយន្តលោកប៉េអឹមមកពីក្រោយបណ្តាលឲ្យខួចខាតបន្តិចបន្តួចរួចរាល់ហើយ ប៉ុន្តែបែរជាយកឡានស្ទូចគោយន្តយកទៅបាត់ និងបានលើជំនាឈើដែលប្រើប្រាស់លក្ខណៈគ្រួសារទៅជាមួយផងដែរ។ 

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ 

នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះ ប្រជាពលរដ្ឋម្នាក់ ជាម្ចាស់គោយន្ត បានសរសេរលើគណនីហ្វេសប៊ុកមួយឈ្មោះ ហៀង ធូ បានសរសេរសារបង្ហោះថា "នៅរំលងអាធ្រាត ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ខ្ញុំបានបត់គោយន្តចូលផ្ទះ ហើយបានប៉ះពាល់ឡានដែលកំពុងបើកបរពីក្រោយ។ ម្ចាស់ឡានឈ្មោះ ណុប ពុត្ថា ជាកងរាជអាវុធហត្ថខេត្តកំពង់ធំ ហើយបានទារសំណងចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) តែខ្ញុំសុំត្រឹម៤,០០០,០០០៛ (បួនលានរៀល) និងបានឲ្យរួចហើយ ដោយគិតថាចប់ត្រឹមហ្នឹង។ ប៉ុន្តែពេលរសៀល ថ្ងៃ ខែ ឆ្នាំដដែល លោក ណុប ពុត្ថា បានយកឡានមកស្ទូចគោយន្តខ្ញុំដែលដាក់ក្នុងផ្ទះ ព្រមទាំងយកសំបកជនាឈើ ដែលខ្ញុំយកមកប្រើប្រាស់ជាគ្រួសារប៉ុនណោះទៅផងដែរ"។ 

ម្ចាស់គោយន្តបានសរសេរទៀតថា "ដូចនេះសូម ជម្រាបជូន សម្តេចពុក ព្រមទាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារយើងខ្ញុំផង!"។ 

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ យោងតាមរបាយការណ៍របស់មន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា 
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទី មន្ត្រីផរព.កថ និងមន្ត្រីសរព.បរ ដោយមានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជ្ញអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ,កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ដឹកជញ្ជូនផល អនុផលព្រៃឈើរត់ចូលក្នុងបរិវេណផ្ទះរបស់ឈ្មោះ ហាយ ហៀង និងជាម្ចាស់គោយន្តកន្ត្រៃដឹកជំនៀឈើ ស្ថិតក្នុងភូមិបន្ទាយចាស់ ឃុំត្នោតស្រុកបារាយណ៍ ខេត្តកំពង់ធំ។
  
ការចុះបង្ក្រាបនោះជាលទ្ធផល ឃាត់ចាប់គោយន្តកន្ត្រៃចំនួន០១គ្រឿង ,ជំនៀឈើប្រភេទលេខ២ (ឈើ
ទាល) ប្រវែង៦ម៉ែត្រ ចំនួន២៤ដុំហើយវត្ថុតាងទាំងអស់ខាងលើយកមកថែរក្សាទុកបណ្ដោះអាសន្ននៅទីស្នាក់ការផរព.កថ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ 

ពាក់ព័ន្ធករណីនេះដែរ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ មានឈ្មោះ ណុប ពុត្ថា ដែលត្រូវប្រជាពលរដ្ឋចោទប្រកាន់ថា បានយកលុយចំនួន៤លានហើយបែមកស្ទួចយកគោយន្តទៀតនោះអង្គភាពយើងមិនអាចទំនាក់ទំនងដើម្បីសុំការបកស្រាយបន្ថែមបានឡើយ។ 

តាមន្ត្រីដែលធ្វើកិច្ចការងារផ្នែកច្បាប់ បានលើកឡើងថា "ការដកហូតទ្រព្យសម្បត្តិពីបុគ្គលណាម្នាក់ ទោះវត្ថុនោះជាវត្ថុតាងបង្កឱ្យមានបទល្មើសក៏ដោយ ក៏សាអ្វីខ្លួនមិនមានសិទ្ធិដកហូតសោះឡើយ បើករណីចរាចរណ៍ គឺមានតែសមត្ថកិច្ចនគរបាលចរាចរណ៏ ក្រោមការដឹកនាំដោយតំណាងអយ្យការទេ ទើបអាចមកដកហូតទ្រព្យសម្បត្តិបានដោយមានសរសេរកំណត់ហេតុដកហូតហើយកំណត់ហេតុដកហូតត្រូវទុកចុងសន្លឹកឱ្យទៅម្ចាស់ទ្រព្យមួយសន្លឹក"។ 

មន្ត្រីដដែកបានលើកឡើងថា "ផ្ទុយទៅវិញ បើពិតជាដូចការសរសេរសង្ខេប ខាងលើ ហើយមន្រ្ដី អ.ហ ប្រព្រឹត្តិបែបនោះ គឺខុសច្បាប់ហើយ ដូច្នេះម្ចាស់ទ្រព្យសម្បត្តិ អាចប្ដឹងទៅស្ថាប័នអយ្យការអមសាលាដំបូងបាន៕