2023-10-21 02:10
240

(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ព្រមទាំងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅទំនប់ ៧មករា និងប្រឡាយ៩៦។

លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ដើម្បីត្រៀមបង្ការគ្រោះទឹកជំនន់ ដែលអាចកើតមាននាពេលខាងមុខ លោកបញ្ជាក់ថា៖ «ពីព្រោះកិច្ចការនេះ គឺជាកិច្ចការសំខាន់ណាស់ បើសិនជាយើងមិនបានគិតគូរត្រៀមបង្ការទុកជាមុនទេ នោះយើងនឹងជួបបញ្ហា និងផលលំបាកជាច្រើននៅក្នុងមូលដ្ឋានយើង ដូច្នេះក្នុងនាមជាអាជ្ញាធរធ្វើត្រូវមានផែនការច្បាស់លាស់ ត្រូវក្តាប់ឱ្យបានធ្វើឱ្យបាន និងទាន់ពេលវេលា»។

លោក គង់ សោភ័ណ្ឌ បានបន្ថែមថា បញ្ហាសំខាន់ដែលអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះគ្រោះទឹកជំនន់ គឺការរៀបចំទីទួលសុវត្ថិភាព សម្រាប់ដាក់ប្រជាពលរដ្ឋដែលរងគ្រោះ កន្លែងស្នាក់នៅបណ្ដោះអាស្នន និងទទាំងសម្រាប់ដាក់សត្វពាហនៈ ត្រូវមានទឹកស្អាតសម្រាប់ការប្រើប្រាស់ត្រូវត្រៀមគ្រូពេទ្យសម្រាប់ជួយពួកគាត់ពេលមានបញ្ហាសុខភាព ហើយបញ្ហាចម្បងមួយទៀត គឺត្រូវត្រៀមជួយសង្គ្រោះជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗផងដែរ។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានក្រើនរំលឹក និងជំរុញដល់អាជ្ញាធរគ្រប់ស្រុក-ក្រុង ត្រូវពន្លឿនក្នុងការផ្ដល់នូវទិន្នន័យបញ្ហាប្រឈម  និងរាយការណ៍ជាប្រចាំអំពីស្ថានភាពទឹកជំនន់មករដ្ឋបាលខេត្ត ដើម្បីចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។

ឱកាសនោះដែរ លោកអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តមានការប្រុងប្រយ័ត្នខ្ពស់អំពីសុវត្ថិភាពគ្រួសារ ជាពិសេសក្មេងតូចៗ ត្រូវត្រៀមលក្ខណៈទុកមុនចំពោះបញ្ហាជំនន់ទឹកភ្លៀង និងសូមយកចិត្តទុកដាក់ថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕