2023-10-21 04:10
326

សាខា  កក្រក ខេត្តបន្ទាយមានជ័យ ÷ នៅរសៀលថ្ងៃសៅរ៍ទី២១ ខែតុលា ឆ្នាំ២០២៣  ក្រុមការងារ សាខាកក្រក ដឹកនាំដោយឯកឧត្តមអ៊ុំ រាត្រីប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពី លោកជំទាវជ័យ ណារីអ៊ុំរាត្រីអនុប្រធានកិត្តិយសសាខា លោកជំទាវនួម  សុភ័ណអនុប្រធានកិត្តិយសសាខា   លោកប្រធានកិត្តិយសអនុសាខាក្រុងសិរីសោភ័ណ ក្រុមកាកបាទក្រហម សង្កាត់  អ្នកស្ម័គ្រចិត្ត យុវជន កក្រក បាននាំយកអំណោយមនុស្សធម៌សាខា ទៅសួរសុខទុក្ខគ្រួសារក្រីក្ររងគ្រោះដោយទឹកជំនន់ចំនួន៥៨គ្រួសារ មកពី៤ភូមិ ក្នុងសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។ 
ការសួរសុខទុក្ខដល់គ្រួសាររងគ្រោះ ប្រារព្វក្នុងបរិវេនវត្តសុភមង្គល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ 

 ក្នុងឱកាសសាកសួរសុខទុក្ខនេះដែរ ឯកឧត្តមប្រធានបាននាំនូវប្រ សាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន  រ៉ានី  ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលសម្តេចតែងតែគឹតគួរពីសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ  និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗទៀត។ 

 ជាថ្មីម្តងទៀតឯកឧត្តមប្រធានបានផ្តាំផ្ញើដល់បងប្អូនដែលរងគ្រោះសូមបង្កើនការប្រុងប្រយ័ត្ន ចំពោះក្មេងតូចៗកុំចុះលេងទឹក ដែលនាំអោយបាត់បង់ជីវិត ព្រោះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះករណីក្មេងលង់ទឹកស្លាប់នៅស្រុកអូរជ្រៅ និងស្រុកមង្គលបូរីមានជាបន្តបន្ទាប់។ 

ជាចុងក្រោយឯកឧត្តមប្រធានសូមផ្តាំផ្ញើដល់បងប្អូនប្រុងប្រយ័ត្នដល់សត្វអស្សេរពិស ទាំងអស់គ្នា និងពេលរដូវទឹកសម្រកត្រូវចេះសម្អាតបរិស្ថានជុំវិញផ្ទះ ដើម្បីសុខភាពបងប្អូនគ្រប់ៗគ្នា។ 
អំណោយដែលសាខានាំមកនូវថ្ងៃនេះសម្រាប់មួយគ្រួសារៗទទួលបាន÷
អង្ករ១៥គីឡូក្រាម, មីជាតិ១កេស, ត្រីខ១យួរ និងទឹកត្រី១យួរ៕