2023-09-29 04:09
258

(ព្រៃវែង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យតាមដានស្ថានភាពទឹក ហេដ្ឋារចនាសម្ពន្ធ និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃគោ ខេត្តព្រៃវែង។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពនេះ យកប្រភពទឹកពីទន្លេមេគង្គដែលមានផ្ទៃរងទឹកចំនួន៧៩៥,០០០ម៉ែត្រការ៉េ រំហូរប្រចាំឆ្នាំជាមធ្យម១៤,៥០០ម៉ែត្រគួបក្នុងមួយវិនាទី។

ស្ថានីយជំហានទី១នេះមានតួនាទីនាំប្រភពទឹកពីទន្លេមេគង្គ ភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែកជីកថ្មី ធ្វើជាប្រភពទឹកស្រោចស្រពលើផ្ទៃដីកសិកម្មក្នុងខេត្តព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម។

គណ:ប្រតិភូនៃក្រសួងទាំង៣បានទៅពិនិត្យប្រព័ន្ធស្រោចស្រពជំហានទី២ មានទីតាំងនៅខេត្តព្រៃវែង ដែលមានលទ្ធភាពអាចស្រោចស្រពបាន៩៣,១០០ហិកតានៅរដូវវស្សា និង២៣,៣០០ហិកតានៅរដូវប្រាំង។

ក្នុងឱកាសជួបសំណេះសំណាលជាមួយសហគមន៍ប្រើប្រាស់ទឹក តំណាងសហគមន៍បានស្នើសុំសាងសង់ស្ពានបេឡេរិ៍ចំនួន២កន្លែង ស្ថិតនៅក្នុងភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានណែនាំឲ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងអាជ្ញាធរស្រុកទៅធ្វើការពិនិត្យ និងសិក្សាទីតាំង ព្រមទាំងលើកគម្រោងសាងសង់ជូនតាមសំណូមពររបស់ប្រជាសហគមន៍ជាក់ស្ដែង៕