2023-06-27 09:06
207


(ខេត្តកែប)    កាលពីថ្ងៃទី ២៦ ខែមិថុនាឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្ពោធ អគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ ដាក់ឱ្យប្រើប្រាស់ នៅសាលាបឋមសិក្សាពងទឹក ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបំពេញតម្រូវការអប់រំបន្ថែមទៀតនៅមូលដ្ឋាន។ 


បើយោងតាមរបាយការណ៍របស់ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ខេត្តកែប អគារបឋមសិក្សាថ្មី១ខ្នងនេះ គំនិតផ្ដួចផ្ដេីមដោយឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងបានកសាងឡើងដោយ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណ:ការ និងដឹកជញ្ជូន និងជាប្រធានក្រុមកាងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ។ លោកថា អគារ១ខ្នងនេះ មាន៣បន្ទប់ និងបង្គន់អនាម័យ១ ក្នុងនោះមានបំពាក់កុំព្យួទ័រ០១គ្រឿង ព្រីនធ័រខ្នាតធំ១ និងស្លាយ៣គ្រឿង ចំណាយថវិការប្រមាណ៨ម៉ឺនដុល្លា។ 
លោកបន្តថា បច្ចុប្បន្នទីតាំងសាលានេះ ត្រូវបានចែកចេញជា២កម្រិត ទី១. បឋមសិក្សាមានគ្រូសរុប ១៩នាក់ មានសិស្សសរុប៤៤៣នាក់ មាន១១ថ្នាក់ពីថ្នាក់ទី១ ដល់ទី៦ និងទី២. អនុវិទ្យាល័យមាន គ្រូសរុប៣១នាក់  មានសិស្សសរុប២៨៦នាក់ ពីថ្នាក់ទី៧ ដល់ទី៩។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា អគារសិក្សាមួយខ្នងនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តកែប ដែលនេះ ទុកសម្រាប់កូនចៅប្រជាពលរដ្ឋរបស់យើងបានមករៀនសូត្រ ដែលសមស្របតាមទិសដៅរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដោយធ្វើយ៉ាងណារុញអោយមានអគារសិក្សា កាន់តែជិតផ្ទះប្រជាជន ដើម្បីផ្តល់ភាពងាយស្រួលក្នុងបញ្ជូនកូនមកកាន់សាលារៀន។ 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ  ទេសរដ្ឋមន្ត្រីបានបន្តថា ការអប់រំមានសារៈសំខាន់ ហើយការបញ្ជូនកូនអោយមកសិស្សាជាកាតព្វកិច្ចរបស់ឪពុកម្តាយគ្រប់រូប ក្នុងការជំរុញអោយកូនបានស្គាល់នូវការអប់រំ និងទទួលយកចំណេះដឹងដែលមានគុណភាព។
ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់អំពីបញ្ហាភូមិឃុំមានសុវត្ថិភាព បើកាលណាក្នុងភូមិមានសុវត្ថិភាព ក្មេងៗរបស់យើងក៏មានសុវត្ថិភាពដែរ។ 
ឯកឧត្តមក៏ថ្លែងអំណរគុណ ចំពោះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ និងឯកឧត្ដម សួង ហេង ដែលបានចំណាយថវិការក្នុងការសាងសង់អគារសិក្សាមួយខ្នងនេះឡើង ដែលទង្វើរនេះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងជាការចែករំលែកក្តីស្រលាញ់របស់ គណបក្សប្រជាជនកម្ពុជា ទៅកាន់ប្រជាពលរដ្ឋដែលរស់នៅខេត្តកែបទាំងមូលផងដែរ។