2023-08-06 01:08
159


ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះថា៖ ជនសង្ស័យ២នាក់ ដែលបន្លំខ្លួនជានិស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដេីម្បីចូលលួចទ្រព្យសម្បត្តិរបស់និស្សិតផ្សេងទៀត ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី រួចបង្ហាញមុខជាសាធារណៈ និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។ 
    របាយការណ៍ដដែល បន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៥០នាទី នៅចំណុចផ្សារ៧មករា សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើស ចោរកម្ម (លួចទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូម៉េក ពណ៌មាស ស៊ីមកាតលេខ០៩៧ ៣០២៧៩៨៦) ប្រព្រឹត្តនៅចំណុចផ្លូវដើរមុខបន្ទប់រៀនអាគារបេសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្លូវព្រះមុន្នីវង្ស ក្រុម៧៤ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
    កម្លាំងនគរបាល បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលបានឃាត់ខ្លួន និងកាបូបស្ពាយពណ៌ខ្មៅ ចំនួន ០១ និងចាប់យកទូរស័ព្ទដៃម៉ាកអុបប៉ូ ពណ៌ ខៀវ ចំនួន ០១គ្រឿង បញ្ជូនមកការិយាល័យ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖
១-ឈ្មោះ ណន ប៊ុនច័ន្ទមិនា ហៅ ពេជ្រ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១ ផ្លូវលេខ៦១២ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 
២-ឈ្មោះ ស្រី សុខហេង ហៅ ចយ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៦១២ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 
   ជនរងគ្រោះ ឈ្មោះ ខា លីមប៉ូ ភេទ ស្រី អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៣២សេ ផ្លូវលេខ២៤បេតេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ និស្សិត ។ 
   សម្ភារៈបាត់បង់ ទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូម៉េក ពណ៌មាស ស៊ីមកាតលេខ ០៩៧៣០២៧៩៨៦ ។
ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង១០នាទី មានករណី ចោរកម្ម (លួចទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូម៉េក ពណ៌មាស ស៊ីមកាតលេខ ០៩៧ ៣ ០២៧ ៩៨៦) ប្រព្រឹត្តនៅចំណុចផ្លូវដើរមុខបន្ទប់រៀនអាគារបេ សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្លូវព្រះមុន្នីវង្ស ក្រុម៧៤ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ របស់ជនរងគ្រោះឈ្មោះ ខា លីមប៉ូ ភេទ ស្រី អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ ជានិស្សិតរៀននៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ឈ្មោះ ណន ប៊ុនច័ន្ទមិនា ហៅ ពេជ្រ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ ស្ពាយកាបូបស្ពាយ ពណ៌ ខ្មៅ និងឈ្មោះ ស្រី សុខហេង ហៅ ចយ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ ដែលបន្លំស្លៀកសំលៀកបំពាក់ឯកសណ្ឋាន ជានិស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជិះម៉ូតូកង់បីចេញពីផ្ទះនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ  ធ្វើដំណើរទៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្លូវព្រះមុន្នីវង្ស ក្រុម៧៤ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គោលបំណងដើម្បីលួចទ្រព្យសម្បត្តិរបស់និស្សិតដែលរៀននៅទីនោះ។ 
   លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យជិះម៉ូតូកង់បីទៅដល់កន្លែងកើតហេតុ រួចហើយនាំគ្នាដើរចូលទៅអាគារបេ ពេលនោះក៏បានឃើញ ជនរងគ្រោះកំពុងដើរនៅផ្លូវដើរមុខបន្ទប់រៀន ដោយមានស្ពាយកាបូបនៅខាងក្រោយ ពេលឃើញដូច្នេះ ឈ្មោះ ស្រី សុខហេង ហៅ ចយ  បានដើរទៅពីមុខជនរងគ្រោះយឺតៗ ហើយបក្ខពួកឈ្មោះ ណន ប៊ុនច័ន្ទមិនា ហៅ ពេជ្រ ដើរតាមពីក្រោយធ្វើសកម្មភាពទាញខ្សែរូតកាបូបស្ពាយរបស់ជនរងគ្រោះលួចយកទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូម៉េក ពណ៌មាស ស៊ីមកាតលេខ ០៩៧ ៣ ០២៧ ៩៨៦ ពីក្នុងកាបូបស្ពាយរបស់ជនរងគ្រោះបានសម្រេច រួចនាំគ្នាគេចខ្លួនបាត់អស់តែម្តង ៕