2023-10-24 04:10
315

(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់គ្រូបង្រៀនគ្រប់រូបភាពទាំងអស់ ត្រូវតែធ្វើជាគម្រូល្អ សម្រាប់បង្កើតឲ្យបាននូវធនធានមនុស្សដែលមានសក្តានុពល។ ការលើកឡើងរបស់លោកអភិបាលខេត្ត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្រៀនក្របខ័ណ្ឌថ្មី ដែលត្រូវចេញបម្រើការងារសម្រាប់ឆ្នាំ២០២៣ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត។

លោកអភិបាលខេត្ត បានលើកឡើងថា ប្រទេសកម្ពុជា ក្រោយពីទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យអប់រំ ដែលវិស័យនេះត្រូវបានរាជរដ្ឋាភិបាលគិតគូរមុនគេ និងជាវិស័យអាទិភាពមួយ ក្រោយមានការបំផ្លេចបំផ្លាញក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយអ្វីដែលមិនអាចខ្វះបាននោះ គឺគ្រូបង្រៀន ដែលជាអ្នកផ្តល់ប្រភពចំណេះដឹង។

លោក ម៉ៅ ធនិន បានបន្តថា ប្រទេសមួយដែលមានការអភិវឌ្ឍរីកចម្រើនទៅបាន គឺអាស្រ័យទៅលើធនធានមនុស្ស ដែលមានចំណេះវិជ្ជានឹងការយល់ដឹងខ្ពង់ខ្ពស់ច្រើន ដូច្នេះហើយគ្រូបង្រៀន គឺមានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលនូវចំណេះវិជ្ជា ចំណេះដឹង ដល់ប្រជាពលរដ្ឋក្នុងប្រទេស។ គ្រូបង្រៀន គឺជាអ្នកសាងសង់ស្ថាបនានូវគ្រឹះសង្គមរបស់ជនជាតិមួយ គ្រូបង្រៀន គឺជាអ្នកបណ្តុះនូវពូជពង្សវង្សត្រកូល ប្រកបដោយសមត្ថភាព និងមនសិកា ដូច្នេះគ្រូបង្រៀន គឺជាពុម្ភមួយដែលមានតួនាទីផលិតនូវធនធានមនុស្សសម្រាប់បន្តវេន។

លោកបានគូសបញ្ជាក់ថា នៅក្នុងលោកនេះ អ្នកណាក៏ដោយ មិនថាអ្នកនោះមានឋានៈណានោះទេ ឲ្យតែមានជីវិតរស់នៅ គឺត្រូវការគ្រូបង្រៀនទាំងអស់ ពីព្រោះការចេះ ការដឹង ការយល់ គឺប្រសូត្រចេញពីគ្រូបង្រៀនទាំងអស់។ ចំពោះរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកធនធានមនុស្សជាកត្តាសំខាន់ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ បើគ្មានធនធានមនុស្សដំណើរការអ្វីក៏មិនអាចធ្វើបានដែរ។ ដូច្នេះនៅពេលត្រូវចេញទៅបំពេញការងារជាគ្រូបង្រៀន ត្រូវធ្វើយ៉ាងណាខិតខំបណ្តុះបណ្តាលធនធានមនុស្សឲ្យមានគុណភាព និងមានសក្តានុពល។

ជាមួយគ្នានោះ លោក តាក ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត បានឲ្យដឹងថា គ្រូបង្រៀនក្របខ័ណ្ឌថ្មី ដែលត្រូវចេញទៅបម្រើការងារក្នុងឆ្នាំ២០២៣នេះ មានចំនួន៦៨នាក់ ក្នុងនោះស្រីចំនួន៥៣នាក់ ដែលមានគ្រូកម្រិតឧត្តម បរិញ្ញាបត្រ+២ ចំនួន៤នាក់ ស្រី៣នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋាន ១២+៤ ចំនួន៤នាក់ សុទ្ធតែភេទស្រី, គ្រូបង្រៀនកម្រិតមូលដ្ឋាន ១២+២ មានចំនួន១១នាក់ ស្រី៦នាក់, គ្រូបឋមសិក្សា ១២+៤ មានចំនួន០១នាក់ ប្រុស, គ្រូបឋមសិក្សា ១២+២ ចំនួន៤០នាក់ ស្រី៣២នាក់ និងគ្រូមត្តេយ្យសិក្សា ១២+២ មានចំនួន ៨នាក់ស្រី៕