2023-07-02 10:07
252


ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗមួយរំពេច បន្ទាប់ពីជិះម៉ូតូវ៉ារថយន្តខាងស្ដាំរអិលនឹងថ្មចិញ្ចើមផ្លូវដួលចូលកង់ខាងក្រោយរថយន្តកិនបែកក្បាល កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងក្រោយបុរីអ័រគ្គីដេ តាមបណ្ដោយផ្លូវ១៧C ក្រុម៦ ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


    ជនរងគ្រោះមានឈ្មោះ សុខ ឡាង  ភេទប្រុស  អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តលីទ័រលើកអីវ៉ាន់ រស់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស លាយខៀវ ពាក់ផ្លាកលេខភ្នំពេញ1BN.6120ជិះតែម្នាក់ឯង។
ចំណែកឯរថយន្តម៉ាកSCANIA ជាប្រភេទរថយន្តដឹកទូកុងតឺន័រ ពណ៌ខៀវ ពាក់ផ្លាកលេខស្វាយរៀង3A.5859 អ្នកបើកបានរត់បាត់។
    តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូម៉ាកស្គូពីតាមបណ្ដោយផ្លូវ១៧C ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានវ៉ារថយន្តកុងតឺន័រ ខាងស្ដាំ ដែលបើកស្របគ្នាធ្វើឱ្យរអិលថ្មចិញ្ចើមផ្លូវដួលចូលកង់រថយន្តខាង ក្រោយកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ អ្នកបើករថយន្តឃើញសភាពមិនស្រួលបានបើកទ្វារចុះរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។
   ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យប្រពន្ធដឹកយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណី៕